ភ្នំពេញ៖ សកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ។
វិធានការដែលរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តផ្អាកជាបណ្ដោះអាសន្ននូវអាជីវកម្ម និងការងារទាំងនោះរួមមាន ៖
• សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែសាលរៀនដលធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ។
• អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូ បៀហ្គាឌិន និងកាស៊ីណូ ។
• រមណីយដ្ឋាន សារមន្ទីរ និងសួនកម្សាន្តនានា
• អាជីវកម្មម៉ាស្សា
• រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា ។
មិនតែប៉ុណ្ណោះក្រៅពីសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដូចបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចផ្អាកសកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀតទៅតាមស្ថានភាព វិវឌ្ឍន៍ជាក់ស្ដែង ដោយអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕