ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសនៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា «មកដល់ថ្ងៃនេះកម្ពុជាយើង បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ៦លាននាក់ ស្មើនឹង ៦០ភាគរយនៃប្រជាជន ១០លាននាក់ ដែលត្រូវចាក់ ។ លេខរៀងទី៦លាន បានទៅលើប្អូនស្រី ផេង សឿន អាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំអាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលខ្ញុំសូមចូលរួមអបអរសាទរ។ លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកា ១០លានរៀល និងសម្ភារៈផ្សេងទៀត ដែលជាជំនួយរបស់ខ្ញុំ ទៅប្រគល់ជូនដោយផ្ទាល់»។
លុះនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ១០លានរៀល និងសម្ភារៈឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៦លានចំពោះលោកស្រី ផេង សឿន អាយុ៦៧ គាត់ជាកសិករ ដែលសព្វថ្ងៃរស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ។
សូមជម្រាបថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ៨២៥នាក់ ខណៈអ្នកជំងឺ១០២២នាក់ជាសះស្បើយ ។ ចំពោះអ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅទូទាំងប្រទេសគិតត្រឹមថ្ងៃនេះមានចំនួន ៦៨,៧៩៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦១,០៣៩នាក់ និងស្លាប់សរុបចំនួន ១១៤៩នាក់ ៕