ខ្លាពពកស្ថិតក្នុងក្រុមជិតផុតពូជស ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN និងចុះក្នុងបញ្ជីឧបសម្ព័ន្ធសាយតេស ដែលជាប្រភេទសត្វងាយទទួលរងនូវការគំរាមកំហែងដោយសារតែការបរបាញ់ និងការបាត់បង់ទីជម្រកនៅលើពិភពលោកដោយសារវាចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃចម្រុះ ។
ខ្លាពពកជាសត្វរាត្រីចរ ច្រើនរស់នៅជាគូលើដើមឈើ ដោយវាចាប់ចំណីដោយលោតពីលើដើមឈើសង្គ្រប់លើសត្វនៅដីដូចជាខ្លារខិនដែរ ។ អាហាររបស់វាមានបក្សី ពស់ ជ្រូកព្រៃ ឈ្លូស ប្រើស ស្វាជាដើម។ ខ្លាពពកប្រើក្រញ៉ាំជើងមុខមុតសម្រាប់សង្កត់ចាប់ចំណី រួចទើបខាំជាក្រោយ ។ ខ្លាពពកអាចបង្កើតកូនម្តងបានពី ២ ទៅ ៤ ក្បាល បន្ទាប់ពីពពោះអស់រយៈពេលប្រហែល ៩០ ទៅ៩៥ ថ្ងៃ។
ចំពោះរបាយរស់នៅ ខ្លាពពកមានភូមិភាគឥសាន និរតី និងភាគខាងជើងនៃប្រទេសកម្ពុជា ។ វាត្រូវបានរកឃើញនៅប្រទេសបូតាន ចិន ឥណ្ឌា ឥណ្ឌូនេស៊ី (កោះស៊ូម៉ាត្រា) ឡាវ ម៉ាឡេស៊ី សារ៉ាវ៉ាក់ ភូមា នេប៉ាល់ ថៃនិងប្រទេសវៀតណាម ។ ខ្លាប្រភេទនេះត្រូវបានផុតពូជនៅប្រទេសបង់ក្លាដេស សិង្ហបុរី និងតៃវ៉ាន់ ។
ខ្លានេះមានមាឌធំជាងខ្លាភ្ញីថ្មកែវ មានសម្បុរពណ៌ក្រម៉ៅប្រផេះនៅលើ ដងខ្លួនមានផ្ទាំងៗដូចពពកធំៗ នៅផ្នែកខាងក្រោយនៃផ្ទាំងនេះមានពណ៌ខ្មៅខណ្ឌជាកំណាតើដុំផ្ទាំងនីមួយៗ ។ ដុំផ្ទាំងនេះរីកធណំនៅផ្នែកខាងក្រោយស្មា ដែលចាប់ផ្តើមពីលើខ្នងរហូតស្ទើរដល់ក្រោមពោះ ។ ច្រមុះមានពណ៌ស និងនៅលើថ្ងាសមានស្នាមអិចតូចៗ ។ វាមានកន្ទុយវែង អុចៗនៅផ្នែកខាងគល់ និងបន្ទះៗនៅផ្នែកខាងចុង ។ វាមានជើងខ្លី ប្រអប់ជើងធំងាយស្រួលក្នុងការប្រតោងមែកឈើ ។ ខ្លាពពកងាយក្នុងការចំណាំណាស់ គឺគ្រាន់តែក្រឡេកមើលនៅលើដងខ្លួនរបស់វាមាន ផ្ទាំងដុំសណ្ឋានដូចដុំពពករាយពាសពេញដងខ្លួន ៕