ផ្ល័ររីដា៖ រហូតមកទល់ពេលនេះចំនួនអ្នកស្លាប់ ដោយសារការបាក់រលំអគារខុនដូកម្ពស់ ១២ជាន់ នៅតំបន់Miami-Dade County រដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិកបានកើនឡើងដល់១១នាក់ហើយ ខណៈអ្នកបាត់ខ្លួនវិញកើនឡើងដល់ជាង ១៥០នាក់ ។ នេះបើតាមសម្តីរបស់អាជ្ញាធរបានឲ្យដឹងនៅថ្ងៃទិ២៩ ខែមិថុនា ឆ្នាំ២០២១ ។
ទន្ទឹមនឹងនេះក្រុមគ្រួសារសាច់ញាតិជនរងគ្រោះដែលទន្ទឹងរងចាំកំពុងតែអស់សង្ឃឹមយ៉ាងខ្លាំង ចំពោះដំណឹងមួយនេះ និងមានការព្រួយបារម្ភកាន់តែខ្លាំងផងដែរ ចំពោះការធ្លាក់ចុះនៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ។ គ្មាននរណាម្នាក់ ត្រូវបានទាញចេញពីគំនរបាក់បែកនោះ ដោយនៅរស់រានមានជីវិតទេ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប៉ុន្មានម៉ោងបន្ទាប់ពីការបាក់រលំ ផ្នែកនៃអគារកម្ពស់ ១២ជាន់នោះមក ។ ចំណែកខាងអាជ្ញាធររដ្ឋផ្ល័ររីដានៅតែអះអាងថា ពួកគេនៅតែប្រឹងប្រែងបន្តការងារជួយសង្គ្រោះ ខណៈក្រុមគ្រួសារជនរងគ្រោះកាន់តែច្រើន បាននិងកំពុងដង្ហោយសុំឲ្យពន្លឿនប្រតិបត្តិការនេះ ។
បើទោះបីយ៉ាងណាក្តីអគារដែលសាងសង់ឡើងនៅក្នុងឆ្នាំ១៩៨១នេះត្រូវបានគេទម្លាយឲ្យដឹងថា កាលពីឆ្នាំ២០១៨វិស្វករមួយក្រុម បានធ្វើការត្រួតពិនិត្យ លើគុណភាពសំណង់អគារខុនដូមួយនេះ និងបានបង្ហាញការព្រួយបារម្ភ ចំពោះការប្រេះស្រាំផ្នែកខ្លះ ហើយក៏ធ្លាប់បានណែនាំឲ្យមាន ការជួសជុលឡើងវិញផងដែរ ៕