កំពត៖ សួនច្បារមាត់ព្រែកកំពត ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ត្រូវបានរដ្ឋបាលខេត្តកំពត កំពុងពន្លឿនធ្វើការអភិវឌ្ឍពង្រីកកែលម្អថ្មីបន្ថែម ដើម្បីឱ្យដំណើរការអនុវត្តគម្រោង ដែលមានធាតុចូលរួមដើម្បីទទួលបានលទ្ធផលជោគជ័យតាមលក្ខណៈបច្ចេកទេស និងមានភាពទាក់ទាញប្រកបដោយសោភ័ណភាព គុណភាព និងបញ្ចៀសបាននូវផលប៉ះពាល់ផ្សេងៗ សំដៅបម្រើឱ្យទេសចរណ៍ក្នុងខេត្តកាន់តែប្រសើរឡើង។
ក្នុងកិច្ចប្រជុំស្ដីពីការបង្ហាញវឌ្ឍនភាពការងារគម្រោងប្លង់ ដែលបានរៀបចំចេញដោយជំនាញ និងមានការចូលរួមពីអភិបាលរងខេត្ត ព្រមទាំងជំនាញពាក់ព័ន្ធ ក្រោមវត្តមាន លោក ជាវ តាយ អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា គម្រោងការកសាងសួនច្បារតាមមាត់ព្រែកក្រុងកំពត មិនត្រឹមតែការអភិវឌ្ឍទៅលើសោភ័ណភាព ឬបរិស្ថានអនាម័យប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការសិក្សាឱ្យច្បាស់លាស់តាមបទដ្ឋានបច្ចេកទេសនៃការរៀបចំឱ្យមានប្រព័ន្ធលូបង្ហូរទឹក បញ្ចៀសការជន់លិចក្រុង និងការបង្ហូរទឹកកខ្វក់ តាមស្តង់ដារបច្ចេកទេសបរិស្ថានផងដែរ។ ដូច្នេះកិច្ចប្រជុំនេះ ជាការងារសំខាន់សម្រាប់ការចូលរួមពីមន្ទីរជំនាញ និងអាជ្ញាធរ ដើម្បីរួមគ្នាផ្ដល់យោបល់ពាក់ព័ន្ធទៅលើរចនាប្លង់គោលសួនច្បារលក្ខណៈបច្ចេកទេស សោភ័ណភាព និងបរិស្ថាន ដោយបញ្ចៀស និងផលប៉ះពាល់ផ្សេងៗជាដើម។
ក្រៅពីនោះ លោកអភិបាលខេត្តកំពត ក៏បានស្នើជំរុញឱ្យមានកិច្ចសហការគ្នាល្អរវាងអាជ្ញាធរក្រុងកំពត និងមន្ទីរជំនាញពាក់ព័ន្ធ ពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ត្រូវសិក្សា និងពន្លឿនរចនាប្លង់គោលប្រកបដោយលក្ខណៈបច្ចេកទេសល្អ មានសោភ័ណភាពអនាម័យបរិស្ថាន និងបញ្ចៀសផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុតសម្រាប់ខេត្តកំពត បង្កើនសមិទ្ធផលថ្មីមួយបន្ថែមទៀតសម្រាប់បម្រើឱ្យមានភាពទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា ការពង្រីកកែលម្អសួនច្បារមាត់ព្រែកកំពត ត្រូវបានពង្រីកបន្ថែមចូលក្នុងព្រែកមានប្រវែង ១៥ម៉ែត្របន្ថែម ដោយមានកសាងរង្វង់មូលបាញ់ទឹក មានផ្លូវជិះកង់ទទឹង ៣ម៉ែត្រ ផ្លូវដើរកម្សាន្ត ហាត់ប្រាណ ដែលមានទទឹង ៦ម៉ែត្រ សួនច្បារ និងបង់សម្រាប់អង្គុយលេង ចំណតសម្រាប់ចតរថយន្ត មានការបែងចែកតំបន់រូបសំណាក់ តំណាងសួនច្បារខេត្តកំពត រួមទាំងការដាំផ្កា និងដើមឈើឱ្យមានភាពទាក់ទាញផងដែរ៕