ភ្នំពេញ ៖ សំណង់អគារស្ថាបត្យកម្មបន្សល់ពីសម័យអាណានិគមនិយមបារាំងដែលជាអតីតសណ្ឋាគារ រ៉េស៊ីដង់ និងជាអគារសាលាក្រុងភ្នំពេញបច្ចុប្បន្នបានក្លាយជាសារមន្ទីរ សេដ្ឋកិច្ច និងរូបិយវត្ថុ នៅកណ្តាលរាជធានីភ្នំពេញ។
យោងតាមការផ្សាយរបស់សារមន្ទីរជាតិកម្ពុជាបានបញ្ជាក់ថា អគារនេះជាអតីតអគារការិយាល័យសាលាក្រុងភ្នំពេញអំឡុងឆ្នាំ ១៨៨០-១៩២៥ ។ គេហទំព័រសារមន្ទីរ ស.ស.រ បញ្ជាក់ថា អគារសារមន្ទីរបច្ចុប្បន្ននេះគឺជាអតីតអគារសណ្ឋាគារ រ៉េស៊ីដង់ ក្នុងឆ្នាំ១៩០៨ និងជាអគារសាលាក្រុងភ្នំពេញ ក្នុងឆ្នាំ១៩២០។
អគារកសាងសម័យបារាំងអាយុជាង១សតវត្សរ៍នេះត្រូវបានថ្នាក់ដឹកនាំនៃធនាគារជាតិកម្ពុជា ជួសជុលកែលម្អ និងរៀបចំប្រែក្លាយទៅជាសារមន្ទីរ សេដ្ឋកិច្ច និងរូបិយវត្ថុ ដែលមានឈ្មោះថា «ព្រះស្រីឦសានវរ្ម័ន» ហៅកាត់ ស.ស.រ នៅឆ្នាំ២០១២។
អគារសណ្ឋាគារ រ៉េស៊ីដង់ និងជាអគារសាលាក្រុងភ្នំពេញ ក្នុងឆ្នាំ១៩២០ មុនក្លាយជាសារមន្ទីរ ស.ស.រ សារមន្ទីរ ស.ស.រ មានទីតាំងនៅរុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ(ផ្លូវ១០៦) ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅជុំវិញទីតាំងនេះភាគច្រើនគឺជាទីតាំងមួយដែលមានសំណង់អគារសល់ពីសម័យបារាំងច្រើនជាងគេ ក្នុងរួមមាន នៅខាងលិចមានអគាររតនាគារជាតិ ផ្នែកខាងក្រោយអគារប្រៃសណីយកម្ពុជា អគារអតីតស្នងការភ្នំពេញសម័យបារាំង អគារអតីតឧត្តមស្នងការបារាំង(អគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)) និងសំណង់អគារ និងផ្ទះ រចនាបទបារាំងជាងច្រើនផ្សេងទៀត។ នៅខាងកើតមានអគារសណ្ឋគារ Palais de La Poste(អតីតភោជនីយដ្ឋាន វ៉ាន់) អតីតអគារជួលដោយក្រុមហ៊ុនធនារ៉ាប់រង អាស៊ី និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលបច្ចុប្បន្នទីតាំងអគារនេះបិទទ្វារដាក់ស្លាកជួល។
សារមន្ទីរ «ព្រះស្រីឦសានវរ្ម័ន» ហៅកាត់ ស.ស.រ ផេករបស់សារមន្ទីរ ស.ស.រ បានសរសេររៀបរាប់ថា «សារមន្ទីរ ស.ស.រ មានដាក់តាំងបង្ហាញនូវកាស និងរូបិយវត្ថុ ដែលធ្លាប់បានផលិត និងបានចរាចរនៅប្រទេសកម្ពុជាតាំងពីបុរាណកាលមកដល់បច្ចុប្បន្ន។ សារមន្ទីរ ស.ស.រ បែងចែកជាពីរផ្នែកសំខាន់ៗ ផ្នែកទីមួយមានចំនួន ៦ ម៉ូឌីលស្ថិតនៅជាន់ទី១។ ផ្នែកនេះ ឆ្លុះបញ្ចាំងពីប្រវត្តិរូបិយវត្ថុ ការធ្វើពាណិជ្ជកម្ម តួនាទីរបស់រូបិយវត្ថុក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាចាប់ពីសតវត្សរ៍ទី១នៃគ្រិស្តសករាជ ព្រមទាំងការធ្លាក់ចុះនិងបាត់ជំនឿទុកចិត្តលើរូបិយវត្ថុជាតិ។ ផ្នែកទី២ ស្ថិតនៅជាន់ផ្ទាល់ដី ត្រូវបានបែងចែកជា៦ម៉ូឌីល ផ្តោតទៅលើការស្តារឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច ការពន្យល់បង្ហាញអំពីវិស័យសេដ្ឋកិច្ច ប្រព័ន្ធធនាគារ និងគោលនយោបាយរូបិយវត្ថុ និងការលេងល្បែងល្បងប្រាជ្ញា។ សារមន្ទីរ ស.ស.រ ក៏មានបណ្ណាល័យដែលសាធារណជនទូទៅអាចធ្វើការសិក្សាស្រាវជ្រាវដោយឥតគិតថ្លៃ អំពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះក៏មានហាងវត្ថុអនុស្សាវរីយ៍ ដែលមានតាំងបង្ហាញនិងលក់វត្ថុអនុស្សាវរីយ៍ និងសៀវភៅជាច្រើន ដែលទាក់ទងទៅនឹងប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុ។ លើសពីនេះទៅទៀតសួនច្បារដែលស្ថិតនៅផ្នែកខាងក្រោយសារមន្ទីរ ស.ស.រ ត្រូវបានរៀបចំឡើងយ៉ាងស្រស់ស្អាតលម្អទៅដោយ ផ្កា និងដើមជ្រៃក្រឹម មានអាយុកាលជាង១០០ឆ្នាំ ព្រមទាំងមានម៉ាស៊ីនសង្កត់ពុម្ពសំរាប់ផលិតកាស ដែលត្រូវបានប្រើប្រាស់ក្នុងឆ្នាំ១៨៥៣។ ចំណែកឯហាងកាហ្វេ មានអាហារឈ្ងុយឆ្ងាញ់ ភេសជ្ជៈ និងអាហារសម្រន់ជាច្រើនប្រភេទ ដែលបម្រើដោយបុគ្គលិកមានភាពរួសរាយរាក់ទាក់ និងសេវាកម្មល្អបំផុត»។
សារមន្ទីរ សេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ជាអាចចាត់ទុកជាសមិទ្ធផលប្រវត្តិសាស្រ្តរបស់កម្ពុជាមួយ។ សម្ពោធជាផ្លូវការនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕