ខេត្តតាកែវ ៖ ជាតិចិន៦នាក់ ដែលបានលួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា ត្រូវបានកម្លាំងកងអនុសេនាធំទី២ នៃតំបន់ប្រតិបត្តិការសឹករងតាកែវ ឃាត់ខ្លួននៅចំណុចចន្លោះបង្គោលលេខ ២៦៧-២៦៨ ស្ថិតនៅភូមិសង្កែជួរ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តតាកែវ បានឱ្យដឹងថា កម្លាំងរបស់លោក បានសហការជាមួយវរសេនាតូចនគរបាលការពារព្រំដែនលេខ៦០៣ នៅពេលដើរល្បាតតាមព្រំដែន ក៏បានឃាត់ខ្លួនជនជាតិចិនចំនួន ០៦នាក់ ស្រី ០១នាក់ លួចឆ្លងព្រំដែនពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា ដោយថ្មើរជើងពីខេត្តអានយ៉ាង ប្រទេសវៀតណាម ឆ្លងចូលមកខេត្តតាកែវ តាមច្រកព្រំដែន របស់ស្រុកបូរីជលសារ។ ក្រោយពីបានធ្វើការឃាត់ខ្លួនជនជាតិចិនទាំង៦នាក់ សមមត្ថកិច្ចក៏បានបញ្ជូនពួកជនជាតិចិនទាំងអស់នោះ ទៅធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ៕