ខេត្តតាកែវ ៖ មន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដុតបំផ្លាញចោល នូវស៊ុតខូចគុណភាព សរុបប្រមាណជាង៣ម៉ឺនគ្រាប់ ក្នុងមានដូចជា ពងមាន់ ពងទា និងពងក្រួច កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដែលបានដកហូតពីឈ្មួញនាពេលកន្លងមក។
ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តតាកែវ លោក ថៃ លី បានឲ្យដឹងថា មន្ត្រីជំនាញលោកបានសម្រេចដុតកម្ទេចចោល មានពងទា ពងមាន់ និងពងក្រួច សរុបទាំងអស់ ចំនួន ៣១.៨០០គ្រាប់ ក្នុងនោះរួមមាន ពងទាចំនួន២៤ ០០០គ្រាប់ ពងមាន់ចំនួន ៨០០គ្រាប់ និងពងគ្រួចចំនួន ៧០០០គ្រាប់ បន្ទាប់ពីពិនិត្យឃើញថា ខូចគុណភាព ដែលបានដកហូតពីឈ្មួញនាពេលកន្លងមក។
ការដុតបំផ្លាញនេះ មានការចូលរួមពីលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ លោកញ៉ឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ម៉េង សុធី អនុប្រធានមន្ទីរ និងលោកប្រធាន អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ព្រមទាំងមន្ត្រីការិយាល័យ ដែលការដុតកម្ទេចនេះ ធ្វើឡើងនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ៕