ខេត្តមណ្ឌលគិរី ៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តមណ្ឌលគិរីហៅកាត់ថា (ក.ប.ប) សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំដោយលោក ណាល់ វិចិត្រ ប្រធានសាខា (ក.ប.ប) ខេត្ត បានចុះត្រួតពិនិត្យមុខទំនិញ និងចំណីអាហារ ដែលអាជីវករ ដាក់តាំងលក់នៅក្នុងផ្សារកោះញែក និងតាមតូបលក់ចាប់ហ៊ួយនានា ស្ថិតនៅស្រុកកោះញែក នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។
លោក ណាល់ វិចិត្រ ប្រធានសាខា(ក.ប.ប)ខេត្តបានឱ្យដឹងថា ការចុះត្រួតពិនិត្យទំនិញនេះក្នុងគោលបំណងការពារ ផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ ផ្ដោតទៅលើទំនិញវេចខ្ចប់ស្រាប់ ជាពិសេស ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញគ្មានសុវត្ថិភាព ឬ លាយសារធាតុគីមីហាមឃាត់។ ជាក់ស្តែងមន្រី្តជំនាញ បានចុះត្រួតពិនិត្យទំនិញ និងបានធ្វើតេស្ត រកសារធាតុគីមីបូរ៉ាក់ (Borax) នៅលើម្ហូបអាហារ មានដូចជា សាច់ក្រក ត្រីងៀត ពពុះសណ្តែក ប្រហុក និងផ្អក ជាលទ្ធផល ពុំមានសារធាតុគីមីហាមឃាត់នោះទេ និងបានធ្វើតេស្តរកសារធាតុគីមី (Sodium Hydrosulfite) លើបន្លែជាច្រើនមុខ ដូចជា សាលាដ៍ ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃក្តោប ស្ករត្នោត និងខ្ញីហាន់ស្រាប់ ជាលទ្ធផល មិនមានសារធាតុគីមីហាមឃាត់នោះដែរ ហើយមន្ត្រីជំនាញ ក៏បានពិនិត្យទៅលើទំនិញវេចខ្ចប់ស្រាប់ នៅតាមតូបលក់ចាប់ហ៊ួយនានា ក្នុងផ្សារកោះញែក ដោយបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន ក្នុងនោះ មានមីម៉ាៗចំនួន ៨កំប៉ុង មន្ត្រីជំនាញបានធ្វើការដកហូត យកមករក្សាទុក ដើម្បីធ្វើការដុតកំទេចចោលនៅពេលក្រោយ។
លោក បញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរ នៅក្នុងខេត្តមណ្ឌលគិរី មានការយល់ដឹងច្រើនជាងមុន ចំពោះសុវត្ថិភាពចំណីអាហារ ក្រោយពីមន្ត្រីជំនាញបានធ្វើការ ផ្សព្វផ្សាយ និងអប់រំណែនាំជាច្រើនដងកន្លងមក៕