ភ្នំពេញ ៖ មុនបម្រាមហាមឃាត់សាច់ឆ្កែ ដែលបានអនុម័តកាលពីឆ្នាំ២០២០កន្លងទៅ សត្វឆ្កែរស់ប្រមាណ ៣.៧៥០ក្បាល ក្នុងមួយខែៗ ត្រូវបានដឹកចេញពីខេត្តសៀមរាប ទៅកាន់កន្លែងសត្តឃាត និងលក់ទៅឱ្យភោជនីយដ្ឋានលក់សាច់សាច់ឆ្កែជាង១០០កន្លែង នៅរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ ពីអង្គការសុខុមាលភាពសត្វ FOUR PAWS នៅកម្ពុជា។
លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ដែលជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថានៅអាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា “ភាគច្រើនសត្វឆ្កែទាំងនោះគឺជាសត្វឆ្កែវ័យតូចៗហើយបញ្ចេញនូវសញ្ញានៃការអស់កម្លាំងខ្លាំងនិងការខះជាតិទឹក។ គេនៅមិនទាន់ច្បាស់ទេថាតើឆ្កែទាំងនេះស្ថិតនៅក្នុងឡានឬនៅកន្លែងរង់ចាំអស់រយៈពេលប៉ុន្មាននោះទេមុនពេលផ្ទុកលើរថយន្ត។ សត្វឆ្កែទាំងអស់នោះមានសភាពឃ្លានខ្លាំងណាស់ ដែលភាគច្រើនមើលទៅមិនបានញ៉ាំអីច្រើនថ្ងៃមកហើយ។ បច្ចុប្បន្នយើងកំពុងរៀបចំកន្លែងមានសុវត្ថិភាពសម្រាប់ឆ្កែទាំងនោះ ហើយនិងមើលថែរហូតដល់យើងរកបានផ្ទះថ្មីសម្រាប់ពួកគេ។ យើងសង្ឃឹមថា ការស្ទាក់ចាប់លើកដំបូងនេះ នឹងផ្ញើសារច្បាស់ៗ ទៅកាន់អ្នកជួញដូរនៅទូទាំងប្រទេសកម្ពុជាថា ការជួញដូរសាច់ឆ្កែនាពេលអនាគតនឹងមិនត្រូវបានគេអត់ឱនឱ្យទៀតទេ”។
អង្គការ FOUR PAWS នៅកម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ២០១៨ ដោយការតស៊ូមតិ ដើម្បីហាមឃាត់ការជួញដូរសាច់ឆ្កែដោយសារតែភាពសាហាវឃោរឃៅរលើសត្វទាំងនោះ និងហានិភ័យសុខភាពសាធារណៈដែលភាគច្រើនដោយសារតែជំងឺឆ្កែឆ្កួត និងការរីករាលដាលនៃជំងឺឆ្លងពីសត្វមកមនុស្ស។ ដើម្បីបញ្ចប់ការជួញដូរសាច់ឆ្កែនិងឆ្មាយ៉ាងសាហាវនៅអាស៊ីអាគ្នេយ៍ដោយនិរន្តរភាព អង្គការ បានចាប់ផ្តើមយុទ្ធនាការមួយនៅលើឆាកអន្តរជាតិនិងថ្នាក់ជាតិនៅក្នុងប្រទេសកម្ពុជា វៀតណាម និង ឥណ្ឌូនេស៊ី។ ជាមួយគ្នានេះ មនុស្សជាងមួយលាននាក់នៅទូទាំងពិភពលោកក៏បានចុះហត្ថលេខាលើញត្តិរួចហើយ ដើម្បីបញ្ចប់ការជួញដូរសាច់ឆ្កែនិងឆ្មា។
ពាក់ព័ន្ធនឹងករណីខាងលើនេះ កាលពីពេលថ្មីៗកន្លងទៅនេះ មន្ទីរកសិកម្មខេត្តសៀមរាប សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត បានរឹបអូសរថយន្តមួយគ្រឿង បន្ទាប់ពីរកឃើញសត្វឆ្កែចំនួន ៦១ក្បាល ដែលកំពុងដឹកយកទៅសម្លាប់នៅខេត្តកំពង់ចាមដើម្បីយកសាច់។ បន្ទាប់ពីការស្ទាក់ចាប់សត្វឆ្កែទាំងអស់ ដែលត្រូវបានយកចេញពីទ្រុងដែលចង្អៀត ហើយត្រូវបានដោះលែងទៅកន្លែងមានសុវត្ថិភាពតូចមួយ។ អង្គការ បានសហការជាមួយអង្គការក្នុងស្រុក Paw Patrol Cambodia និងអង្គការសង្គ្រោះសត្វកម្ពុជា ដើម្បីផ្តល់អាហារនិងថ្នាំសង្គ្រោះបន្ទាន់សម្រាប់សត្វឆ្កែដែលបានជួយសង្គ្រោះ។
បច្ចុប្បន្នក្រុមគ្រូពេទ្យបសុពេទ្យកំពុងចុះទៅកន្លែងផ្ទាល់ជាមួយមន្ទីរកសិកម្មខេត្តសៀមរាប ដើម្បីចាក់វ៉ាក់សាំងនិងព្យាបាលសត្វឆ្កែទាំងអស់ដែលរងរបួស។ ក្រុមគ្រូពេទ្យបសុពេទ្យកំពុងចុះទៅកន្លែងផ្ទាល់ជាមួយមន្ទីរកសិកម្មខេត្តសៀមរាប ដើម្បីចាក់វ៉ាក់សាំងនិងព្យាបាលសត្វឆ្កែទាំងអស់ដែលរងរបួស។ ឆ្កែដែលបានជួយសង្រ្គោះទាំងនោះមានទាំងសត្វដែលវង្វេងផ្ទះនិងសត្វចិញ្ចឹមដែលត្រូវបានគេលួច៕