ឥណ្ឌា៖ បុរសឥណ្ឌាម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែមាន់ជល់របស់គាត់វាត់មួយខ្នាយចំក្រលៀន ខណៈដែលគាត់កំពុងរៀបចំដាក់មាន់នោះឲ្យជល់គ្នាក្នុងសង្វៀន។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Today Online បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅភូមិដាច់ស្រយាលមួយក្នុងរដ្ឋ Telangana ភាគខាងត្បូងនៃប្រទេសឥណ្ឌា ដែលនៅទីនោះការប្រជល់មាន់ត្រូវបានចាត់ទុកជាសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់ផងដែរ។ ប្រភពខាងលើបានបន្តថា មាន់ជល់ដែលជាឃាតកសម្លាប់ម្ចាស់ខ្លួនឯងនោះត្រូវបានគេបំពាក់នូវខ្នាយកាំបិតដែលមានប្រវែងប្រមាណជា ៧,៥ សង់ទីម៉ែត្រនៅលើជើងរបស់វា ដើម្បីឲ្យការប្រជល់មាន់មានលក្ខណៈល្អមើលនិងឆាប់ដឹងឈ្នះចាញ់។
យ៉ាងណាក្តី ពេលបុរសជនរងគ្រោះកំពុងតែបីមាន់នោះទៅសង្វៀន វាក៏បានវាត់មួយខ្នាយចំក្រលៀនរបស់គាត់បណ្តាលឲ្យមានឈាមហូរយ៉ាងខ្លាំង ហើយដោយសង្វៀនជល់មាន់ត្រូវគេធ្វើនៅកន្លែងដាច់ស្រយាលឆ្ងាយៗដើម្បីលាក់បាំងពីអាជ្ញាធរនោះ ទើបការបញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យមានភាពយឺតយ៉ាវរហូតធ្វើឲ្យជនរងគ្រោះត្រូវខ្សោះឈាមស្លាប់តែម្តងមុនទៅដល់មន្ទីរពេទ្យ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា មានមនុស្សចំនួន ១៥ នាក់ផ្សេងទៀតដែលពាក់ព័ន្ធក្នុងករណីជល់មាន់ខុសច្បាប់នេះ ហើយពេលនេះខាងប៉ូលិសក៏កំពុងតាមចាប់ខ្លួនពួកគេឲ្យមកទទួលទោសតាមផ្លូវច្បាប់ផងដែរ៕