លោកអ្នកពិតជា បានមើលឃើញស្តែងៗ អំពី ក្រុមអ្នកជិះម៉ូតូ បើកផ្លូវឡានសង្រ្គោះពេល មានហេតុរឿងកើតឡើង។ លោកអ្នកសុទ្ឋតែបានលើកសរសើរអំពី ទឹកចិត្តមួយនេះ ហើយនិយាយថា ពិតជាគម្រូល្អក្នុងសង្គមយើង។ ពេលនេះ ពួកគាត់ទទួលបានការលើកទឹកចិត្ត ដោយបានថវិកា និងសម្ភារៈពីឧកញ៉ាល្បីឈ្មោះ និងភរិយា លោកទាំង២ចិត្តបន់ណាស់សម្រាប់មនុស្សធម៌។
លោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ បានឧបត្ថម្ភថវិកាចំនួន 500$ និងម៉ាស់ចំនួន 2500 ម៉ាស់ ជូនដល់ក្រុមអ្នកសម្រួលផ្លូវរថយន្តសង្គ្រោះបន្ទាន់នៅកម្ពុជា (C.E.A.S) ដែលជាក្រុមការងារមនុស្សធម៌ជួយសង្គមតាមរយៈការបើកម៉ូតូសម្រួលផ្លូវ រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យ ដើម្បីប្រើប្រាស់តាមការចាំបាច់។
ការផ្តល់ជូនរបស់លោកឧកញ៉ា ជាការចូលរួមជួយឧបត្ថម្ភគាំទ្រដល់ការងារសង្គម ជួយដល់យុវជន ដែលបានចំណាយពេលវេលាទំនេរពីការសិក្សា មកធ្វើការងារសង្គមជួយមនុស្សជាតិ ដោយមិនយកពេលវេលាទំនេរទៅប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។
កាយវិការសប្បុរសធម៌របស់លោកឧកញ៉ា មិនត្រឹមតែបានជួយដោះស្រាយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ តែជាការផ្តល់នូវកំលាំងចិត្ត បង្ហាញពីការគាំទ្រដល់សកម្មភាពរបស់យុវជន លើកទឹកចិត្តយុវជនឲ្យមានការចូលរួមកាន់តែច្រើន ក្នុងការចែករំលែកជួយដល់សង្គម និងប្រជាពលរដ្ឋក្រីក្រ។