រាជធានីភ្នំពេញ៖ នៅពេលរដូវវស្សាចូលមកដល់ សត្វត្រយងតែងតែរកសំបុក ព្រោះជារដូវ សម្រាប់វាពង ហើយប្រទេសកម្ពុជាយើងបានចាត់ទុកត្រយងយក្ស ជាសត្វដ៏កម្រងនេះ តំណាងឲ្យនិមិត្ដសញ្ញាបក្សីជាតិកម្ពុជា។ ត្រយងយក្ស ជាសត្វដែលជ្រើសទីតំាងដ៏សែនដាច់ស្រយាល ដើម្បីធ្វើសំបុក។
ក្រោមការគាំទ្រពីគម្រោង USAID ព្រៃឡង់បៃតង(GPL) នៅក្នុងពាក់កណ្តាលរដូវពងកូន ក្នុងឆ្នាំនេះ ក្រុមការពារសំបុកសត្វ នៃអង្គការ WCS/GPL សហការជាមួយមន្រ្តីឧទ្យានានុរក្ស នៃក្រសួងបរិស្ថាន បានរកឃើញសម្បុកត្រយងយក្ស ចំនួន៨សំបុក គិតចាប់ពីដើមរដូវពងកូន កាលពីខែឧសភា កន្លងមក។
ក្រុមការពារសំបុកសត្វស្លាប បានប៉ាន់ប្រមាណថា ចំនួនសំបុកត្រយងយក្សនេះ អាចនឹងកើនឡើង ចាប់ពីពេលនេះ រហូតដល់ចុងរដូវពងកូន នាដំណាច់ខែតុលា ខាងមុខ។ ចាប់ពីឆ្នាំ ២០០៤ ដល់ ២០២០ ក្រុមការពារសំបុកបានការពារសំបុកសត្វត្រយងបានចំនួន ៤១៣សំបុក និងបានការពារកូនញាស់បានចំនួន ៦៤៩កូន នៅក្នុងតំបន់ខ្ពង់រាបភាគខាងជើង នៃប្រទេសកម្ពុជា ដែលគ្របដណ្តប់លើដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃ ព្រៃព្រះរកា និងឧទ្យានបេតិកភណ្ឌជាតិភ្នំត្បែង។ កាលពីឆ្នាំ ២០១៩ ក្រុមការពារសំបុកបានរកឃើញសំបុកសត្វត្រយងយក្សចំនួន ២២សំបុក និងបានការពារកូនញាស់បានចំនួន ៣៥កូន។
អង្គការ WCS សហការជាមួយក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តកម្មវិធីការពារសំបុកសត្វស្លាប (ដែលជាកម្មវិធីមួយរៀបចំឡើង ដើម្បីទប់ស្កាត់បទល្មើសប្រមូលយកពង និងកូនសត្វស្លាប) ។ ក្រោមកម្មវិធីនេះ ប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់ការពារចំនួនពីរ ស្ថិតក្នុងតំបន់ខ្ពង់រាបភាគខាងជើងនេះ នឹងទទួលប្រាក់ឧបត្ថម្ភលើកទឹកចិត្ត តាមលក្ខខណ្ឌព្រមព្រៀងមួយ ប្រសិនបើពួកគាត់បានរកឃើញសំបុកសត្វ អង្កេតតាមដាន និងការពារសំបុក រហូតដល់កូនសត្វញាស់ហើរចេញដោយសុវត្ថិភាព។ ពីឆ្នាំ ២០០២ ដល់ ២០១៦ សំបុកសត្វចំនួន ៣.៨១៣សំបុក និងកូនញាស់ចំនួន ៦.៨០៦កូន ត្រូវបានការពារនៅទូទាំងតំបន់ខ្ពង់រាបភាគខាងជើងនេះ។
តំបន់ខ្ពង់រាបភាគខាងជើងគឺជាទីជម្រករបស់សត្វស្លាបជិត ៣០០ ប្រភេទ ដែលក្នុងនោះ រួមមាន ប្រភេទសត្វជិតផុតពូជបំផុតចំនួន ៥ ប្រភេទ គឺ ត្រយងយក្ស (ជាបក្សីជាតិតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា) ត្រយងចង្កំកស ត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង។ តំបន់នេះ ក៏ជាទីជម្រកដ៏សំខាន់ សម្រាប់ការរស់រានរបស់ប្រភេទសត្វស្លាបទឹក ដែលកំពុងរងការគំរាមកំហែងផងដែរ ដូចជា ទាព្រៃស្លាបស ពពូលទឹក និងក្រៀលក្បាលក្រហម៕ ប្រភពពីក្រសួងបរិស្ថាន