រដ្ឋធានីប៉េកាំង៖ ការផ្អាកការនេសាទរបស់ប្រជាជនចិន នៅក្នុងសមុទ្រចិនខាងកើត បានបញ្ចប់ នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ដែលនាំឲ្យមានការព្រួយបារម្ភថា រដ្ឋាភិបាលទីក្រុងប៉េកាំង អាចនឹងបញ្ជូននាវានេសាទជាច្រើនគ្រឿង ចូលទៅក្នុង ឬជិតប្រជុំកោះមានជម្លោះសេនកាគូ (Senkaku) គ្រប់គ្រងដោយជប៉ុន។
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញកិច្ចការបរទេសខ្លះ បានថ្លែងថា ភាពតានតឹងនេះទំនងជាមិនខ្លាំងក្លា នៅក្នុងដែនទឹក នាឆ្នាំនេះទេ ព្រោះអាជ្ញាធរក្នុងតំបន់របស់ភាគីចិន បានណែនាំដល់អ្នកនេសាទចិន មិនឱ្យបើកទូកចូល ក្នុងចម្ងាយ៣០ម៉ៃល៍ ឬ ៥៦ គីឡូម៉ែត្រ ពីកោះដែលគ្មានមនុស្សរស់នៅទាំងនេះ។
ក្រុមអ្នកជំនាញ បានបន្ដថា កត្ដានេះ ក៏ដោយសារប្រទេសមហាសេដ្ឋកិច្ចធំលំដាប់ទី២របស់ពិភពលោកមួយនេះ បានរួចផុតស្ថានភាព នៃការរាតត្បាត នៃវីរុសថ្មី ខណ:ស្ថានភាពវីរុសនៅសហរដ្ឋអាមេរិក នៅតែមានសភាពធ្ងន់ធ្ងរនោះ ហើយចិនទំនងជាមានឆន្ទៈជំរុញឲ្យមានកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជប៉ុន។ ប្រជុំកោះសេនកាគូ (Senkakus) ដែលចិនហៅ ដៅយូ (Diaoyu) ស្ថិតក្នុងចំណុចកណ្ដាល នៃជម្លោះ រវាងប្រទេសមហាសេដ្ឋកិច្ចលេខ២ និងលេខ៣។ ទីក្រុងប៉េកាំងបានដាក់សម្ពាធលើទីក្រុងតូក្យូ ដោយបានបញ្ជូននាវារបស់ខ្លួន ចូលទៅក្នុង ឬនៅក្បែរដែនទឹករបស់ជប៉ុន ដើម្បីប្រជែងនឹងស្ថានភាពបច្ចុប្បន្ន។
កន្លងមក កងទ័ព និងទូកនេសាទរបស់ចិនជាច្រើនរយគ្រឿង បានចូលទៅជិតដែនទឹកជម្លោះទាំងនោះ តែត្រូវបានជប៉ុន តវ៉ា និងរារាំង។ រីឯរដ្ឋាភិបាលតូក្យូ បានស្នើឲ្យក្រុងប៉េកាំង អនុវត្ដនូវវិធានការនានារារាំងដល់ទូកនេសាទរបស់ជនជាតិចិន ចូលទៅក្នុងនេសាទ នៅដែនទឹករបស់ជប៉ុន៕