ទីក្រុងឡូសអែនជើឡែស៖ ភ្លើងឆេះព្រៃ កាលពីថ្ងៃទី១២ ខែសីហា បានវាយប្រហារទៅលើតំបន់ភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក បង្ខំឲ្យអាជ្ញាធរជម្លៀសប្រជាពលរដ្ឋរាប់ពាន់នាក់ ចេញពីតំបន់រងគ្រោះខាងលើនេះ។
មន្រ្ដីពន្លត់អគ្គិភ័យប្រចាំតំបន់ បានថ្លែង កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហាថា ភ្លើងឆេះព្រៃបានបង្ខំឱ្យជម្លៀសប្រជាពលរដ្ឋរាប់ពាន់នាក់ ចេញពីផ្ទះសម្បែង ខណ:ភ្លើងបន្ដឆាបឆេះនៅលើភ្នំ ដែលមានព្រៃក្រាស់ នាភាគខាងជើង នៃទីក្រុងឡូសអែនជើឡែស រដ្ឋកាលីហ្វ័រញ៉ា។ ករណីនេះធ្លាប់កើតឡើង កាលពីចន្លោះពី៥០ ទៅ១០០ឆ្នាំមុន។
អ្នកនាំពាក្យរដ្ឋបាលព្រៃឈើអាមេរិក លោក Andrew Mitchell បានថ្លែងថា បើគិតត្រឹមរសៀល ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា អាជ្ញាធរមិនអាចគ្រប់គ្រងបាននៅឡើយ ថ្វីបើមានភ្លៀងធ្លាក់តិចតួចក៏ដោយ។ នៅក្នុងហេតុការណ៍នោះ ភ្លើងបានឆាបឆេះលើផ្ទៃដីប្រមាណ ១០.៥០០ អែក(acres) ឬស្មើនឹង ៤ ២៤៩ ហិកតា។ នេះបើគិតចាប់តាំងពីហេតុការណ៍នេះ បានកើតឡើង រហូតមកដល់រសៀល ថ្ងៃទី១២ ខែសីហា ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្រោយពេលមានគ្រោះអគ្គិភ័យបែបនេះកើតឡើង សីតុណ្ហភាព នៅក្នុងតំបន់បានឡើងកម្ដៅ រហូតដល់៣៧,៨អង្សាសេ នៅថ្ងៃបន្ទាប់។ ភ្លើងឆេះព្រៃនេះ អាចនឹងអូសបន្លាយពេលវេលាយូរថ្ងៃថែមទៀត ព្រោះភ្លើងឆាបឆេះមានសភាពខ្លាំងក្លា។
ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់អំពីមូលហេតុ បង្កឲ្យមានភ្លើងឆេះព្រៃនោះឡើយ ព្រោះករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេត។ ដោយឡែកទំហំ នៃការខូចខាត ក៏មិនទាន់មានសេចក្ដីរាយការណ៍ដែរ។ ប៉ុន្ដែផ្ទះចំនួន៥០០ខ្នង ត្រូវជម្លៀស ចេញពីសហគមន៍ នៅប្រហែលចម្ងាយ ៦៥គីឡូម៉ែត្រ នាភាគខាងជើង នៃទីប្រជុំជន ទីក្រុងឡូសអែនជើឡែស៕