ព្រឹកថ្ងៃ ទី ២១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំវគ្គបណ្តុះបណ្តាលរម្លឹកឡើងវិញ ស្តីពីបច្ចប្បន្នភាពផែនទីសេវាសង្គមរបស់ភូមិ ឃុំ សង្កាត់ ដែលកិច្ចប្រជុំនេះ ដឹកនាំដោយលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត កណ្តាល និង លោកជំទាវ នួុន នារតី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្ត ។
លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលរម្លឹកឡើងវិញ ស្តីពីបច្ចប្បន្នភាពផែនទីសេវាសង្គមរបស់ភូមិ ឃុំ សង្កាត់ នេះគឺផ្តោតសំខាន់ទៅលើបញ្ហាសុខភាពមាតា ទារក និងអាហារូបត្ថម្ភ បញ្ហាទឹកស្អាតនិងអនាម័យ បញ្ហាកិច្ចការពារកុមារ បញ្ហាការអប់រំកុ
មារតូច និងបញ្ហាភាពងាយរងគ្រោះ របស់ប្រជាពលរដ្ឋ។
លោកជំទាវ បានបន្តថា កិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីធ្វើការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្ត
គម្រោងសេវាសង្គម ដែលប្រើប្រាស់ថវិកាមូលនិធិក្រុង ស្រុក និងឃុំ សង្កាត់ សម្រាប់ឆ្នាំ២០២០ ជាមួយនេះដែរអង្គប្រជុំក៏បានធ្វើការពិនិត្យលើការរៀបចំនៃការកំណត់បញ្ហាតាមរយៈការគូសផែនទីសេវាសង្គមភូមិ ដើម្បីធ្វើការវិភាគ និងការចាត់អាទិភាពនៃបញ្ហាដាក់បញ្ចូលទៅក្នុងផែការកម្មវិធីវិនិយោគ និងផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២០២៣។
លោកជំទាវ អភិបាលរងខេត្ត ក៏បានជំរុញឲ្យរដ្ឋបាលក្រុង ស្រុក ត្រូវធ្វើការពិនិត្យឲ្យបានម៉ត់ចត ចំពោះការគូសផែនទីសេវាសង្គមនៅតាម ភូមិ ឃុំ សង្កាត់នីមួយៗ ជៀសវាងការធ្វើឲ្យបាត់បង់អត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ ពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងត្រូវផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីកាលបរិច្ឆេទនៃការប្រជុំកូសផែនទីភូមិ ។
លោកជំទាវ បានបន្តថាត្រូវសហការនិងសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធ ពិសេសរដ្ឋបាលឃុំ សង្កាត់ ក្នុងការរៀបចំផែនទីសេវាសង្គមភូមិ។ត្រូវតាមដាននិងត្រួតពិនិត្យលើការរៀបចំផែនការ និងការប្រើប្រាស់កញ្ចប់ថវិកាមូលនិធិ ឃុំ សង្កាត់ ដើម្បីធានានូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាព និងធ្វើបច្ចុប្បន្ន ភាពឲ្យបានច្បាស់លាស់ អំពីផែនទីសេវាសង្គមភូមិ ឃុំ សង្កាត់៕