ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារយន្ដការត្រីភាគីបូក សម្រាប់បន្តកិច្ចពិភាក្សា ការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ សំដៅសម្រេចឱ្យបាននូវសេចក្តីព្រាងច្បាប់នេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ។
នាឱកាសនោះឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានមានប្រសាសន៍លើកឡើងថា ស្ថិតក្នុងបរិបទដែលវិស័យឯកជនកាន់តែប្រឈមកាន់តែខ្លាំងទៅនឹងលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញនានា រាជរដ្ឋាភិបាលបានធ្វើការយ៉ាងជិតស្និតជាមួយវិស័យឯកជនស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីធានាថាវិស័យឯកជននៅតែអាចបន្តធានាបាននូវឧត្តមភាពប្រកួតប្រជែង សហគ្រាស គ្រឹះស្ថានទាំងអស់អាចរក្សាបានដំណើរផលិតកម្ម អាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនៅក្នុងវេទិកា រាជរដ្ឋាភិបាល-វិស័យឯកជនលើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ដោយបានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ចលើប្រធានបទចំនួន១៥ ដែលក្នុងនោះ ការកែសម្រួលច្បាប់ស្តីពីការងារ គឺជាការងារអាទិភាពមួយនៅក្នុងវិស័យការងារ។