បន្ទាយមានជ័យ៖លោកគឹងវណ្ណៈអភិបាលរងខេត្តបន្ទាយមានជ័យនិងក្រុមការងារសមាគមមូលនិធិវ៉ាយអិលភីបានអញ្ជើញចុះពិនិត្យតាមបណ្តាកសិដ្ឋានដាំបន្លែនិងចិញ្ចឹមសត្វនៅឃុំចំណោមនិងឃុំភ្នំធំស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០២០។
លោកគឹងវណ្ណៈបានមានប្រសាសន៍ទៅកាន់កសិករថាឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែគឹមយ៉ានប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យនិងលោកជំទាវម៉ៅម៉ាល័យព្រមទាំងក្រុមគ្រួសារបានផ្តល់ទុនជូនប្រជាកសិករឲ្យខ្ចីដោយគ្មានការប្រាក់ផ្តល់លទ្ធភាពឲ្យកសិករបានយកទៅដាំដុះបន្លែនិងចិញ្ចឹមសត្វដើម្បីឲ្យមានចំណូលនិងលើកកំពស់ជីវភាពគ្រួសារទៀតផង។
ក្នុងឱកាសចុះពិនិត្យមើលបន្លែគ្រប់មុខនិងកន្លែងចិញ្ចឹមសត្វរួចមកលោកគឹងវណ្ណៈបានធ្វើការណែនាំពីការបណ្ដុះបណ្ដាលពីរបៀបដាំដុះបន្លែជាលក្ខណៈគ្រួសារនិងជាលក្ខណៈទ្រង់ទ្រាយធំដើម្បីបង្កើនជីវភាពគ្រួសារហើយក្រៅពីការផ្គត់ផ្គង់ក្នុងគ្រួសារបន្លែធម្មជាតិទាំងនេះអាចនាំយកទៅលក់នៅលើទីផ្សារក្នុងភូមិឃុំស្រុកបានថែមទៀតផងព្រោះថាបន្លែទាំងនេះគ្មានជាតិគីមីដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកហូបនិងម្យ៉ាងវិញទៀតជួយកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាងផងដែរ។
លោកគឹងវណ្ណៈបានបញ្ជាក់ឲ្យដឹងទៀតថាការងារដាំដុះនេះអាចជាមុខរបររួមផ្សំមួយនៅពេលទំនេរពីការងារការបង្កបង្កើនផលស្រូវ។ក្រុមគ្រួសារនិមួយៗក្រៅពីការងារបង្កបង្កើនផលស្រូវដើម្បីបង្កើនជីវភាពគ្រួសារហើយសង្ឃឹមថាប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនាំគ្នាបន្តដាំដុះបន្លែផ្លែឈើកាន់តែផុលផុសនាពេលខាងមុខ។
លោកគឹងវណ្ណៈក៏បានធ្វើការណែនាំប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ក្នុងការដាំដុះបន្លែជាលក្ខណៈ
គ្រួសារបន្ថែមទៀតប្រសិនបើមានការខ្វះខាតនូវលក្ខណបច្ចេកទេសដាំដុះណាមួយមន្ត្រីកសិកម្មនិងជួយជាប្រឹក្សាផ្តល់យោបល់បន្ថែមអំពីលក្ខណៈដាំដុះតាមបច្ចេកទេសថ្មីទទួលបានផលច្រើនគ្មានជាតិគីមី។
លោកគឹងវណ្ណៈបានឲ្យដឹងបន្តថាក្រៅពីផ្តល់ពូជបន្លែលោកតែងតែផ្តល់ប្រឹក្សាអំពីរបៀបដាំដុះរបស់ប្រជាពលរដ្ឋនូវបច្ចេកទេសថ្មីៗដល់ពួកគាត់កាន់តែមានភាពងាយស្រួលហើយមកដល់សព្វថ្ងៃនេះប្រជាពលរដ្ឋក្នុងខេត្តបានងាកមកដាំបន្លែជាលក្ខណគ្រួសារនៅតាមភូមិឃុំហើយទទួលបានផលគួរឲ្យកត់សំគាល់ផងដែរ៕