កំពង់ឆ្នាំង៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាសហគមន៍ខេត្តកំពង់ឆ្នាំងក្នុងការចិញ្ចឹមត្រី មាន់ ទា ដាំបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើង នូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។
បើកសិក្ខាសាលាផ្សព្វផ្សាយ ក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងលោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មព្រមទាំងប្រជាកសិករប្រចាំខេត្តរាប់រយនាក់ផងដែរ។
ក្នុងឱកាសនោះដែរ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានប្រសាសន៍ទៅកាន់បងប្អូនប្រជាកសិករនៅខេត្តកំពង់ឆ្នាំងថា សូមបងប្អូនប្រជាកសិករទាំងអស់មេត្តាធ្វើការដាំដុះប្រកបដោយមានលក្ខណៈបច្ចេកទេសតាមស្តង់ដារ ការដាំដុះលក្ខណៈតូចតាចធ្វើឱ្យបងប្អូនមិនបានទទួលទិន្នផលខ្ពស់នោះទេដូច្នេះត្រូវតែសិក្សាធ្វើឱ្យការនាំចេញបន្លែ ត្រី សាច់ ផ្លែឈើនៅនឹងកន្លែងឲ្យទទួលបានទិន្នផលខ្ពស់ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់បងប្អូន។
អគ្គនាយកធនាគារបានមានប្រសាសន៍បញ្ជាក់ថា សូមបងប្អូនធ្វើការដាំដុះចិញ្ចឹមសត្វស្របទៅតាមតម្រូវការទីផ្សារដែលមានតម្រូវការខ្ពស់ ឧទាហរណ៍ថា តម្រូវការទីផ្សារក្នុងមួយថ្ងៃត្រូវការសាឡាត់ 100 គីឡូសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកមួយ តែបងប្អូនប្រជាកសិករយើងផលិតបានតែ 10 ទៅ 20 គីឡូដែលធ្វើឱ្យអ្នកទទួលទិញក៏ពិបាកនឹងសហការជាមួយពួកយើងដែរ ដូច្នេះសូមបងប្អូនធ្វើការដាំដុះលក្ខណៈប្រដេញគ្នាធ្វើយ៉ាងណា ឲ្យទទួលទិន្នផល តាមតម្រូវការទីផ្សារឬប្រហាក់ប្រហែលនិងតម្រូវការដែលគេចង់បានកុំឱ្យខុសគ្នាឆ្ងាយពេក។
សូមជម្រាបថា ឥណទាន និងនីតិវិធីទទួលបានឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក ជូនដល់ជូនដល់បងប្អូនប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើង នូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស៕