អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានឲ្យដឹងថា ជនបរទេសដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារនៅទូទាំងប្រទេស គិតត្រឹមខែមិថុនា ឆ្នាំ២០២០ មានចំនួនសរុប១.៨៧៤នាក់ ក្នុងនោះ ស្រី២៤៩នាក់ និងចំនួន៤៥សញ្ជាតិ។
ក្នុងរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០របស់អគ្គ នាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់ថា «ជនបរទេសដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារនៅទូទាំងប្រទេសគិតត្រឹម ខែមិថុនា ឆ្នាំ២០២០ មានចំនួនសរុប១.៨៧៤នាក់ ស្រី២៤៩នាក់ មានចំនួន៤៥សញ្ជាតិ។ ភាគច្រើនជាងគេ គឺជនជាតិវៀតណាម៧៤៩នាក់ ស្រី១៦៨, ចិន៧២៧នាក់ ស្រី២៤នាក់, នីហេ្សរីយ៉ា៧៣នាក់ ស្រី១នាក់, ថៃ៦៨នាក់ ស្រី២៦។ ក្នុងនោះ ជនដែលត្រូវចោទ មានចំនួន៥៨៩នាក់ ស្រី៥៤នាក់, ជនជាប់ចោទ មានចំនួន៣០៩នាក់ ស្រី២៧នាក់, ពិរុទ្ធជន មានចំនួន៦៨៣នាក់ ស្រី៩៤នាក់, ទណ្ឌិត មានចំនួន២៩៣នាក់ ស្រី៧៤នាក់។
ប្រភពដ៏ដែល បន្ថែមថា ជនបរទេសរងគ្រោះដោយឧប្បទ្ទវហេតុផ្សេងៗ ចំនួន២១១នាក់ លើ១៣២នាក់ ក្នុងនោះស្លាប់ដោយសារជំងឺ១០០ លើ៥៤នាក់, ឃាតកម្ម៤នាក់ លើ០០នាក់, អត្តឃាដ១៤នាក់ លើ០១នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍៥នាក់ លើ០៨នាក់ និងរងគ្រោះដោយអំពើផ្សេងៗចំនួន៨៨នាក់ លើ៣៧នាក់។
របាយការណ៍ដ៏ដែល រៀបរាប់ថា គិតចាប់ពីការបង្កើតអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ឆ្នាំ២០១៤ មកដល់ដំណច់ខែមិថុនា ឆ្នាំ២០២០នេះ បានបណ្ដេញចេញជនបរទេសខុសច្បាប់ ចំនួន១៧.២៣០នាក់ ស្រី២.៩៧១នាក់ មាន១០៤សញ្ជាតិ៕