ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ សូរ វិសាល អធិការរងនិងលោកវរសេនីយ៍ត្រី លឹម ចេងហេង នាយផ្នែកប្រឆាំងគ្រឿងញៀន ធ្វើការស្រាវជ្រាវចុះបង្ក្រាបឃាត់ខ្លួនបានពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដកហូតបាន ក្រាមពណ៌សថ្លាចំនួន២២កញ្ចប់ថង់ (១៨កញ្ចប់ថង់តូច,០៤កញ្ចប់ថង់ធំល្មម)។
ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៩និង១៥នាទី ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២០ ចំណុចមុខបុរីកាំងម៉េង ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់រួមមាន៖ ១.ឈ្មោះ សៅរី ចាន់សានណាលិក ហៅ លឹប ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដឹកទឹកកក មានទីលំនៅភូមិជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងជនសង្ស័យទី២.ឈ្មោះ ផាត រស្មី ហៅ អាគយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាដោល ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖ ១.ក្រាមពណ៌សថ្លាចំនួន២២កញ្ចប់ថង់(១៨កញ្ចប់ថង់តូច,០៤កញ្ចប់ថង់ធំល្មម),២.កូនកាបូបតូច ពណ៌ខ្មៅ ចំនួន០១ ,៣-ទូរស័ព្ទដៃម៉ាកOPPO ពណ៌ខ្មៅ ចំនួន០១គ្រឿង។
មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ សូរ វិសាល អធិការរងនិងលោកវរសេនីយ៍ត្រី លឹម ចេងហេង នាយផ្នែកប្រឆាំងគ្រឿងញៀន បានធ្វើការស្រាវជ្រាវចុះបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចមុខបុរីកាំងម៉េង ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បាន ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន១៦កញ្ចប់ថង់តូច នៅក្នុងហោប៉ៅខាងមុខខាងស្តាំ របស់ឈ្មោះផាត រស្មី ហៅ អាគយ និងចំនួន០៦កញ្ចប់ថង់(៤កញ្ចប់ថង់ធំល្មម,០២កញ្ចប់ថង់តូច)ដាក់ក្នុងកាបូបតូច ពណ៌ខ្មៅ ទុកក្នុងហោប៉ៅខោមុខខាងស្តាំ របស់ឈ្មោះ សៅរី ចាន់សានណាលិក ហៅ លឹប ទើបឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕