ភ្នំពេញ៖ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់កាបូបក្មេងប្រុសម្នាក់ទើបលក់អេតចាយបានលុយ១០ម៉ឺនរៀលបានសម្រេចហើយរត់គេចខ្លួនត្រូវបានពលរដ្ឋឃើញហេតុការណ៍នោះនាំគ្នាដេញចាប់បានប្រគល់ជូនសមត្ថកិច្ច។ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីម៉ោង៨ និង ៤៥ នាទីយប់ថ្ងៃទី ២០ ខែមីនាឆ្នាំ២០២២នៅចំណុចគល់ស្ពានអាកាសផ្សារដីហុយតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះធី សាន អាយុជាង២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ចំណែកជនរងគ្រោះមានឈ្មោះចែង គឹងហ៊ាង អាយុ១១ឆ្នាំ ស្នាក់នៅម្តុំផ្លូវ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
បើតាមការរៀបរាប់ពីក្មេងប្រុសរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុរូបគេបានទៅលក់អេតចាយបានលុយចំនួន១០ម៉ឺនរៀលហើយដាក់លុយក្នុងកាបូបស្ពាយដើរតាមផ្លូវខណៈមកដល់ចំណុចកើតហេតុក៏លេចមុខជនសង្ស័យម្នាក់ដើរមកតាមក្រោយបានមកធ្វើសកម្មភាពឆក់កាបូបពីរូបគេកំពុងស្ពាយជាប់ស្មាបានសម្រេចហើយបានរត់គេចខ្លួនភ្លាមនោះជនរងគ្រោះបានស្រែកចោរៗផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវក៏នាំគ្នាដេញចាប់បានភ្លាមៗរួចទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីសួរនាំបន្តដើម្បីចាត់ការទៅតាមនីតិវិធីចំណែកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងផងដែរ៕