ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈតូតាល់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្មេងប្រុសរងគ្រោះ មានឈ្មោះ ជេង គឹមលាង អាយុ១៣ឆ្នាំ បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេ (ក្មេងប្រុសរងគ្រោះ) បានដើររើសអេតចាយជាមួយជីដូនតាមគំនរសំរាម តាមផ្លូវតាំងពីផ្សារ២០០៤ ដើររើសរហូតដល់ចំណុចក្បែរវិទ្យាល័យហ៊ុន សែនបុរី១០០ខ្នង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ពេលនោះ ជីដូនរបស់ខ្លួន (ក្មេងប្រុសរងគ្រោះ) ក៏បានឈប់ និងធ្វើការរើសអេតចាយនៅក្នុងគំនរសំរាម ចំណែកឯរូបគេ (ក្មេងប្រុសរងគ្រោះ) វិញ ក៏បានឈរលេងតែម្នាក់ឯងឆ្ងាយពីជីដូន ដោយនៅលើខ្លួនមានស្ពានកាបូបលុយមួយជាប់នឹងខ្លួន ដែលនៅក្នុងកាបូបនោះមានលុយបានមកពីការលក់អេតចាយចំនួនជាង១០ម៉ឺនរៀលផងដែរ ។
ក្មេងប្រុសរងគ្រោះបន្តទៀតថា លុះដល់វេលាកើតហេតុ ក៏ស្រាប់តែលេចខាងមុខជនសង្ស័យ បានដើរទៅជិតរូបគេ (ក្មេងប្រុសរងគ្រោះ) រួចក៏បានធ្វើសកម្មភាពឆក់យកកាបូបលុយបានសម្រេច ហើយជនសង្ស័យនោះក៏ព្យាយាមរត់គេចខ្លួន តែពេលនោះរូបគេ (ក្មេងប្រុសរងគ្រោះ) ក៏បានរត់ដេញតាមពីក្រោយ និងស្រែកថា «ចោរ» បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមដងផ្លូវ បាននាំគ្នាជួយស្ទាក់ចាប់បាននៅត្រង់ចំណុចកើតហេតុ និងបានស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រោមខ្លួន រួចក៏បានប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានតែម្ដង។ជនសង្ស័យ រួចទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំបញ្ជូនបន្តទៅតុលាការធ្វើការចាត់ការទៅតាមនីតិវិធី ៕