សម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសម្តេចម៉ែសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួនជាង ១លាន១៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីរៀបចំកសាងព្រះរាជសមិទ្ធផលនៅ សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ-សម្តេចម៉ែ ភ្នំសំពៅ។ នេះបើយោងតាមការផ្សាយរបស់ Royal du Cambodge នៅថ្ងៃនេះ។
ដោយស្ថិតក្នុងព្រះរាជហឫទ័យខ្វាយខ្វល់ និងទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត ព្រមទាំងព្រះរាជតម្រិៈគោរពដង្ហែតាមព្រះរាជលំអានដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសិក្សាធិការជាតិ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃប្រវត្តិសាស្រ្តកម្ពុជាដែលអង្គសម្តេចព្រះវររាជបិតាសិក្សាធិការជាតិស្តេចបានដឹកនាំកសាងអភិវឌ្ឍជាតិខ្មែររីកចម្រើនជឿនលឿនលើគ្រប់វិស័យជាពិសេសវិស័យអប់រំសិក្សាធិការដែលបានបម្រើឱ្យការរស់នៅរបស់ប្រជានុរាស្រ្តមានភាពល្អប្រសើរខ្ពង់ខ្ពស់ឧត្តុង្គឧត្តមក្រៃលែងសម្តេចម៉ែព្រះអង្គស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន១១៦៩៥៥០ដុល្លារអាមេរិកដើម្បីជួសជុលកែលម្អនិងសាងសង់បន្ថែមនូវព្រះរាជសមិទ្ធផលនានាក្នុងបរិវេណសាលាបឋមសិក្សានិងអនុវិទ្យាល័យសម្តេចឪសម្តេចម៉ែភ្នំសំពៅស្ថិតនៅក្នុងភូមិសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សម្រាប់តម្កល់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
សូមបញ្ជាក់ថាព្រះករុណាព្រះមហាក្សត្រនិងសម្តេចព្រះមហាក្សត្រីព្រះអង្គទាំងទ្វេតែងតែសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លារបស់ព្រះអង្គដល់កូនចៅចៅទូតរបស់ព្រះអង្គទាំងទ្វេទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ៕