ពោធិ៍សាត់: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២១និង១៥នាទី ឈ្មោះ ឡេ អៃ ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាមរស់នៅភូមិកណ្តាល ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានប្តឹងរាយការណ៍តាមរយ:ទូរស័ព្ទដៃមកដល់សមត្តកិច្ចប៉ុស្តិ៍នគរបាលកញ្ជរថា ឈ្មោះ ឡេ ឯល ភេទប្រុស អាយុ ២៩ឆ្នាំ ត្រូវជាប្អូនបង្កើតបានប្រើអំពើហិង្សាក្នុងគ្រួសារ ដោយយកពូថៅមកកាប់លើឈ្មោះលី ម៉ារី ភេទស្រី អាយុ ៥៣ឆ្នាំ (ត្រូវជាម្តាយបង្កើត)បណ្តាលឲ្យរងរបួសចំក្បាលដេរចំនួន ០៤ថ្នេរ រួចបានគេចខ្លួនពីមូលដ្ឋានទៅស្នាក់នៅបណ្តោះអាសន្នក្នុងទឹកដីឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការនគរបាលស្រុកកណ្តៀងបានឲ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងរាយការណ៍របស់កូនស្រីជនរងគ្រោះខាងលើ បានរាយការណ៍ស្នើសុំគោលការណ៍ពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញានិងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានអនុញ្ញាតឲ្យកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យមកសាកសួរ និងទទួលខុសត្រូវ ដោយបានទទួលបទបញ្ជាពីព្រះរាជអាជ្ញា កម្លាំងនគរបាលជំនាញ បានសហការគ្នាចុះចាប់ ឃាត់ខ្លួនជនសង្ស័យបានកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៥និង១០នាទី នៅភូមិទួលលៀប ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីឃាត់ខ្លួនរយ:ពេល៤៨ម៉ោង រង់ចាំការបំពេញបែបបទទៅតាមនីតិវិធី។
ក្រោយពីបានបញ្ជូនជនសង្ស័យមកដល់បានយកទៅពិនិត្យសុខភាពធ្វើតេស្តរកមេរោគកូវីដ១៩ នៅមណ្ឌលសុខភាពស្រុកកណ្តៀង ជាលទ្ធផលគឺ:អវិជ្ជមាន បន្ទាប់មកបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យជាលទ្ធផលគឺ:អវិជ្ជមាន៕