ភ្នំពេញ: អាសូរណាស់ បុរសជាជាងភ្លើងម្នាក់បានបាត់បង់ជីវិត យ៉ាងអាណោចអាធ័ម បន្ទាប់ពីធ្វើការថែមម៉ោងក្នុងបុរីជីបម៉ុង ឡើងទៅតភ្លើងបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លា.ប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែក ខណ្ឌដង្កោ។ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ចំណុចក្នុងបុរីជីបម៉ុង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ហ៊ន វិបុល អាយុ ២៤ ឆ្នាំ មុខរបរជាងភ្លើង មានស្រុកកំណើត នៅខេត្តតាកែវ ។ប្រភពព័ត៌មានពីបងប្រុសរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ដោយរូបគាត់បានចូលទៅតភ្លើង នៅក្នុងបន្ទប់ជាន់ខាងក្រោម ចំណែកឯប្អូនរបស់គាត់ជាជនរងគ្រោះ បានឡើងទៅជាន់ខាងលើ ដើម្បីតភ្លើង ខណៈពេលកំពុងតែរៀបយកខ្សែភ្លើងមកត ស្រាប់តែឆ្លងចរន្តអគ្គិសនី ឆក់ប្អូនរបស់គាត់បណ្តាលឲ្យដួលនៅនឹងកន្លែង ហើយភ្លាមៗនោះដែរ រូបគាត់ក៏បានទាក់ទងទៅរថយន្តសាមុយ ឲ្យមកដឹកយកទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យបង្អែកខណ្ឌដង្កោ តែដោយសភាពធ្ងន់ធ្ងរពេក ក៏ដាច់ខ្យល់ស្លា.ប់ នៅក្នុងមន្ទីរពេទ្យតែម្តងទៅ រួចរូបគាត់បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យភ្លាមៗ។ក្រោយពីសមត្ថកិច្ចចុះមកដល់ក៏ពិនិត្យទៅលើសព ដោយបញ្ជាក់ពីសមត្ថកិច្ចជំនាញ សពជនរងគ្រោះពិតជាស្លា.ប់ ដោយឆក់ខ្សែភ្លើងពិតមែន រួចក៏បានធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅស្រុកកំណើត នៅខេត្តតាកែវ តាមប្រពៃណី៕