ព្រះវិហារ៖ កម្លាំងអាវុធហត្ថខេត្តព្រះវិហារ នៅថ្ងៃទី២៨កញ្ញា ឆ្នាំ២០២១ បានបញ្ជូនជនសង្ស័យ ជាមួយអាវុធវែង ម៉ាកអាកា ៤៧ មួយដើម ទៅតុលាការ។សមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យនេះ នៅម្តុំក្រុមហ៊ុនសីលាដឺមិច ស្ថិតភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឆាយ ឈន ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវចាប់ខ្លួនជាមួយអាវុធអាកា ៤៧ មួយដើម ក្រោយផឹកស៊ីស្រវឹង ក៏យកអាវុធ ដែលលាក់ទុក មកបាញ់លេង។
លោកវរសេនីយ៍ទោ ជូ ប៊ុន សុង មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តព្រះវិហារ បានឱ្យដឹងថា កម្លាំងអាវុធហត្ថស្រុកគូលែន បានចុះស្រាវជ្រាវ រហូតចាប់ជនសង្ស័យ យកមកសាកសួរ។ជនសង្ស័យរូបនេះ បានសារភាពថា អាវុធមួយដើម ខ្លួនបានលាក់ទុក សម្រាប់បាញ់សត្វ។ ពេលខ្លួននិងមិត្តភក្តិបានជួបជុំផឹកស្រាស្រវឹង ហើយយកកាំភ្លើងមកបាញ់លេង ៣គ្រាប់តែផ្ទុះតែ២គ្រាប់។សមត្ថកិច្ចអាវុធហត្ថ បានដកហូតវត្ថុតាង មានអាវុធអាកា៤៧មួយដើម ជាមួយគ្រាប់ ២៦ គ្រាប់ និងបានបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធី៕