ភ្នំពេញ ៖ ក្រុមការងារនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) និងអគ្គាធិការដ្ឋាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអះអាងថា ក្រុមហ៊ុន ZTE HK ផ្តត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារ ទូរគមនាគមន៍ និងវិទ្យុគមនាគមន៍ មិនគោរពច្បាប់ បានប្រព្រឹត្តផ្ទុយនឹងមាត្រា ១៥ និងមាត្រា ១៦ នៃច្បាប់ស្តីពីទូរគមនាគមន៍ ហើយក្រសួងបានសម្រេចធ្វើការដកហូតសម្ភារបរិក្ខារ រួមមានឧបករណ៍សម្រាប់ Transmission, Base Transceiver Station, Base Station Controller, Radio Network Controller និង Core Network មករក្សាទុក ដើម្បីដោះស្រាយបន្តតាមនិតិវិធីច្បាប់។
ក្រុមអធិការកិច្ចចុះដកហូតសម្ភារបរិក្ខារទាំងនោះ បន្ទាប់ពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) និងអគ្គាធិការដ្ឋាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះទៅក្រុមហ៊ុន ZTE HK (Cambodia) Co., Ltd. ដែលមានអាសយដ្ឋាននៅ ភ្នំពេញសិនធើរ បន្ទប់លេខ ៤៩១ វិថីសម្តេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យគ្រឿងសម្ភារ បរិក្ខារទូរគមនាគមន៍ និងវិទ្យុគមនាគមន៍ ដែលក្រុមហ៊ុនបាននាំចូល នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។
លោក ថោង ចិន្តា ប្រធាន ន.ទ.ក បានបញ្ជាក់ឲ្យដឹងថា សមត្ថកិច្ច និងស្ថាប័នជំនាញបានចុះ ទៅដកហូត និងណែនាំ តម្រូវឲ្យក្រុមហ៊ុននាំចូល ផ្គត់ផ្គង់ និងចែកចាយ គ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ និងវិទ្យុគមនាគមន៍ ដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ ទទួលស្គាល់គុណវុឌ្ឍិ ជាភ្នាក់ងារនាំចូល ផ្គត់ផ្គង់និងចែកចាយគ្រឿងសម្ភារបរិក្ខារ ទូរគមនាគមន៍ និងវិទ្យុគមនាគមន៍ និងវិញ្ញាបនបត្រទទួលស្គាល់ថា ប្រភេទសម្រាប់ម៉ូដែលនីមួយៗ នៃគ្រឿងសម្ភារ បរិក្ខារពី ន.ទ.ក. ស្របតាមច្បាប់ស្ដីពីទូរគមនាគមន៍ ក្នុងគោលបំណងទប់ស្កាត់ការចរាចរ និងបញ្ចៀសការនាំចូល ឧបករណ៍ខុសបច្ចេកទេស ហួសបច្ចេកវិទ្យា ឬអាចមានហានិភ័យដល់សុខភាពអ្នកប្រើប្រាស់។
កន្លងមក ន.ទ.ក. បានជូនដំណឹងជាច្រើនលើកដល់ក្រុមហ៊ុន ZTE HK (Cambodia) Co., Ltd. ក៏ដូចជាក្រុមហ៊ុននាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារ ទូរគមនាគមន៍ និងវិទ្យុគមនាគមន៍ដ៏ទៃទៀត អំពីការបំពេញ កាតព្វកិច្ចស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ប៉ុន្តែ ក្រុមហ៊ុន ZTE HK (Cambodia) Co., Ltd. នៅតែបន្តនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ និងវិទ្យុគមនាគមន៍ ដោយខុសច្បាប់ ដែលទង្វើនេះត្រូវផ្តន្ទាទោសស្របតាមមាត្រា៨៩ និងមាត្រា៩០ នៃច្បាប់ស្តីពីទូរគមនាគមន៍។
ដោយផ្អែកលើអង្គហេតុខាងលើ ក្រុមការងារអធិការកិច្ចបានសម្រេចធ្វើការដកហូតសម្ភារបរិក្ខារទាំងនោះ រួមមានឧបករណ៍សម្រាប់ Transmission, Base Transceiver Station, Base Station Controller, Radio Network Controller និង Core Network មករក្សាទុក ដើម្បីដោះស្រាយបន្តតាមនិតិវិធីច្បាប់។
លោកប្រធាន ន.ទ.ក. សូមអំពាវនាវដល់ក្រុមហ៊ុនទាំងអស់ ដែលធ្វើប្រតិបត្តិការនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍និងវិទ្យុគមនាគមន៍ ឲ្យរួសរាន់មកស្នើសុំវិញ្ញាបនបត្រ ទទួលស្គាល់គុណវុឌ្ឍិជាភ្នាក់ងារនាំចូល ផ្គត់ផ្គង់និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ និងវិទ្យុគមនាគមន៍ និងវិញ្ញាបនបត្រទទួលស្គាល់ថា ប្រភេទសម្រាប់ ម៉ូដែលនីមួយៗនៃគ្រឿងសម្ភារបរិក្ខារពី ន.ទ.ក. ដើម្បីបំពេញភាពស្របច្បាប់របស់ខ្លួន ឲ្យបានឆាប់បំផុត៕