ភ្នំពេញ៖ គម្រោងUSAIDព្រៃឡង់បៃតងបានឱ្យដឹងថា សំបុកសត្វប្រភេទនេះពិបាករកណាស់ដោយសារតែ ពងរបស់ពួកវាមានពណ៌លំនាំដូចពណ៌ដី។ «សំបុករបស់ត្រដេវវិចទួល ភាគច្រើនត្រូវបានគំរាមកំហែងដោយការធ្វើកសិកម្ម»។
ត្រដេវវិចទួល ពួកវាច្រើនរស់នៅជាហ្វូងតូចៗជុំវិញតំបន់ដែលមានទឹក វាលស្រែកសិកម្ម និងដីស្ងួត។ ការហោះហើររបស់វាមានភាពយឺត ប៉ុន្តែមានសមត្ថភាពហើររហ័សរហួនគួរឱ្យកត់សម្គាល់នៅពេលដែលវាការពារសំបុករបស់វា ឬ នៅពេលដែលត្រូវបានវាយប្រហាដោយសត្វស្ទាំង។
ចំណីរបស់មានដូចជាពពួកស្រមោច សត្វកញ្ចែ ដង្កូវ និងសត្វល្អិតដទៃទៀត ខ្យង និងសត្វឥតឆ្អឹងខ្នងដទៃទៀតដែលភាគច្រើនត្រូវបានរើសពីក្នុងដី។ វាស៊ីអាហារទាំងពេលថ្ងៃនិងពេលយប់។
បច្ចុប្បន្នគម្រោងUSAIDព្រៃឡង់បៃតង កំពុងធ្វើការអភិរក្សបក្សី តាមរយៈកម្មវិធីថែទាំសំបុកសត្វ រួមទាំងការសហការជាមួយដៃគូនានាដើម្បីធ្វើអោយប្រសើរឡើងនូវ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីយ៉ាងសម្បូរបែបនៅតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ ខណៈបក្សីនេះត្រូវបានចាត់ទុកជាសត្វរងគ្រោះថ្នាក់តិចតួចក្នុងបញ្ជីក្រហម IUCN (LC)។
សូមបញ្ជាក់ថា សត្វត្រដេវវិចមានបីប្រភេទ ត្រដេវវិចទួល ត្រដេវវិចទន្លេ និងត្រដេវវិចក្បាលប្រផេះ។ ហើយចំណុចគួរចាប់អារម្មណ៍លើសត្វត្រដេវវិចទួល គឺវាដេកយកជើងរបស់វាបាស់ឡើងលើ ដូចជាពាក្យចាស់តែងតែពោលថា “កុំដេកយកជើងទ្រមេឃដូចសត្វត្រដេវវិច” មានន័យថា កុំព្យាយាមធ្វើអ្វីដែលហួសពីសមត្ថភាពរបស់ខ្លួនខ្លាំងពេក៕