បន្ទាយមានជ័យ នៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ប្រមាណ ២៥នាក់ បានចេញបំពេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលបណ្តាល ឱ្យប៉ះពាល់ដល់ ផ្ទះប្រជាពលរដ្ឋ សត្វពាហនៈ និងដំណាំ អស់ជាច្រើនគ្រួសារ។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជូនកម្លាំង សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការជួយជញ្ជូនសម្ភារ និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព។
គិតត្រឹមព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នេះ ស្ថានភាព ទឹកជំនន់បានស្រក់ទៅវិញជាបណ្តើៗ ដែលគេរំពឹងថា អានឹងស្រកអស់ទៅធម្មតាវិញ បើសិនជាមិនមានភ្លៀងធ្លាក់មកបន្ថែមទៀត។
សូមបញ្ជាក់ជូនថា ក្នុងគ្រោះទឹកជំនន់នេះ បានធ្វើឱ្យប៉ះពាល់ ទៅដល់ ភូមិចំនួន៧ នៃឃុំចំនួន២ គឺឃុំបឹងបេង និងឃុំម៉ាឡៃ ក្នុងស្រុកម៉ាឡៃ ដែលមានភូមិសាស្រ្ត នៅជាប់អូរព្រំដែនកម្ពុជា-ថៃ និងមានស្ថានភាពទំនាបខ្លាំង។ ជាការកត់សម្គាល់ ស្រុកម៉ាឡៃ ជារៀងរាល់ឆ្នាំតែងតែរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយត្រូវស្រកទៅវិញ នៅបន្ទាប់ពីភ្លៀងរាំងរយៈពេល ៣ទៅ៤ថ្ងៃបន្ទាប់។
នៅចំពោះមុខនៃ នៃទឹកជំន់រដូវវស្សានេះ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានសំណូមពរជូន ពុកម៉ែ បងប្អូន ក្នុងតំបន់ដែលកំពុងជន់លិច សូមមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះកូនតូចៗ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕