ភូមិមួយក្នុងខេត្តកំពង់ស្ពឺ កំពុងជួបបញ្ហា មេរោគថ្មីលើសត្វគោ ឬហៅថាជំងឺដុំពកលើស្បែកគោ
ពលរដ្ឋម្ចាស់គោនៅក្នុងភូមិនានាក្នុងខេត្តកំពង់ស្ពឺ បានបង្ហាញការព្រួយបារម្ភចំពោះគោរបស់ពួកគាត់អំពីមេរោគថ្មី ឬហៅថា ជំងឺដុំពកលើស្បែកគោ ដែលអាចប៉ះពាល់ដល់សត្វគោរបស់ពួកគាត់។
ពលរដ្ឋនៅភូមិ អង្គតាអឹម ខេត្តកំពង់ស្ពឺ បានសម្តែងនូវការព្រួយបារម្ភដោយសារតែការកើតឡើងនៃករណីមេរោគនៅក្នុងភូមិ និងភូមិជុំវិញរបស់ពួកគាត់។ ធ្វើអោយពួកគាត់ត្រូវបង្ខំចិត្តលក់គោចោលព្រោះខ្លាចឆ្លងដល់សត្វគោពួកគាត់ ហើយលក់បានក្នុងតម្លៃថោក ឯពេទ្យសត្វភូមិនៅមិនទាន់ទទួលបានវ៉ាក់សាំងប្រឆាំងនឹងមេរោគថ្មីនេះនោះទេ។
ពូ ធី ដែលជាអ្នកចិញ្ចឹមគោម្នាក់បាននិយាយថា៖ ខ្ញុំបានមើលវីដេអូមួយនៅលើហ្វេសប៊ុកអំពីគោដែលរងផលប៉ះពាល់ដោយមេរោគថ្មី (ដុំពកលើស្បែកគោ)ខ្ញុំពិតជាព្រួយបារម្ភអំពីគោរបស់ខ្ញុំនៅពេលព្រឹកបន្ទាប់ពីខ្ញុំឃើញគោរបស់ខ្ញុំមានចំណុចតូចមួយនៅលើស្បែកខ្ញុំបានទូរស័ព្ទទៅពេទ្យសត្វនៅជិតភូមិខ្ញុំយ៉ាងរហ័ស។ វាចម្លែកណាស់ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង។ មេរោគថ្មីនេះបានចូលមកភូមិខ្ញុំលឿនជាងអ្វីដែលខ្ញុំបានរំពឹងទុក គោអ្នកដទៃទៀតមានជើងហើម និងមានចំណុចតូចៗនៅលើស្បែកដូចគោរបស់ខ្ញុំដែរ” ។ “ ខ្ញុំព្រួយបារម្ភហើយខ្លាចវាងាប់។ នៅភូមិផ្សេងទៀតគោជាច្រើនបានងាប់ដោយសារតែមេរោគថ្មីនេះ” ។
លោក ឡុង សំអាត ដែលពេទ្យសត្វស្រុក បានលើកឡើងថា បញ្ហានេះបានកើតឡើងកាលពីប៉ុន្មានខែមុននៅតាមបណ្តាខេត្តផ្សេងទៀតដូចជា បាត់ដំបង មានជ័យ ជាដើម ហើយឥឡូវនេះវាបានកើតឡើងរួចហើយនៅភូមិ អង្គតាអឹម ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ពេទ្យសត្វគ្មានវ៉ាក់សាំងការពារមេរោគថ្មីនេះទេ នៅពេលដែលគោរងផលប៉ះពាល់ វាមើលទៅគួរឱ្យខ្លាចណាស់” ។