ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងកងរាជអាវុធហត្ថក្រុងភ្នំពេញ ចាប់ខ្លួនតាមពាក្យប្តឹងរបស់ក្រុមហ៊ុន អអេហ្វ ៣ វើលដ៏ (ខេមបូឌា) ឯ.ក RF3 World (Cambodia) Co., Ltd យកទៅឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ក្រោយគេចវេសជាច្រើនលើកច្រើនសារ មិនបានទូទាត់បំណុលសងក្រុមហ៊ុន និងថែមទាំងបានយករថយន្តរបស់ក្រុមហ៊ុនទៅបញ្ចាំដោយខុសច្បាប់ដែលមានចេតនាទុចរិត ហើយបានទៅបម្រើ ផលប្រយោជន៍អោយក្រុមហ៊ុនផ្សេងទៀតផង ។
ជនសង្ស័យខាងលើនេះមានឈ្មោះ ជៀប សុភ័ក្រ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចប្បន្នផ្លូវលេខ ២១១ ផ្ទះលេខ០១ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានមុខរបរជាសមាជិកផ្នែកលក់ផលិតផល អោយក្រុមហ៊ុន RF3 World Cambodia ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ពីបទរំលោភលើសេចក្តីទុកចិត្ត តាមមាត្រា ៣៩១ និង ៣៩២ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្ត ក្នុងកំឡុងឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ ហើយត្រូវបានតុលាការបញ្ជាឱ្យនាំទៅឃុំខ្លួន នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២១ ។
ដើមចមនៃរឿងនេះផ្តើមចេញពីការកិបកេង លុយក្រុមហ៊ុន រួមជាមួយនឹងការយកផលិតផលក្រុមហ៊ុន ទៅលក់មិនបង្វិលដើមមួយចំនួនទៀតផង ។ តែយ៉ាងណាម្ចាស់ក្រុមហ៊ុន បានទុកពេលឱ្យជននេះ បង្វិលលុយសងវិញដែរ តែជននេះមិនបានចូលខ្លួន មកដោះស្រាយទេ ។
តំណាងក្រុមហ៊ុន RF3 World Cambodia បានឱ្យដឹងថា ឈ្មោះ ជៀប សុភ័ក្តនេះ ក្រោយកិបគេងលុយក្រុមហ៊ុនរួច ខាងក្រុមហ៊ុនមានចិត្តសន្តោស ចង់ចចារដោះស្រាយ កុំឱ្យមានបញ្ហាវែងឆ្ងាយ តែជននេះបានគេចវេសជាច្រើនលើកច្រើនសារ និងមិនមានគំនិតចង់ទូទាត់បំណុលសងក្រុមហ៊ុនវិញឡើយ ទើបក្រុមហ៊ុនសំរេចដាក់ពាក្យបណ្តឹងទៅតុលការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕