ឥណ្ឌូនេស៊ី៖ ផ្ទះប្រមាណជិត១០០ខ្នង ត្រូវបានអគ្គីភ័យលេបត្របាក់អស់ខ្ទេចគ្មានសល់ ដែលបង្ក ឡើងដោយសារការផ្ទុះហ្គាស់នៅផ្ទះបាយបន្ទាប់ម្ចាស់ផ្ទះចេញទៅនិយាយលេងជាមួយអ្នកជិតខាងភ្លេចបិទភ្លើងចង្រ្កានហ្គាសនោះដែលស្ថិតនៅក្នុងក្រុង Makassar ប្រទេសឥណ្ឌូនេស៊ី ។
បើតាមការអះអាងពីប្រធានផ្នែកពន្លត់អគ្គីភ័យនៅក្រុង Makassar ប្រទេសឥណ្ឌូនេស៊ីនេះ បានឲ្យដឹង ថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងភ្លាម ក្រុមពន្លត់អគ្គីភ័យបានបញ្ជូន រថយន្តពន្លត់អគ្គីភ័យ ចំនួន២២គ្រឿង និងអ្នកពន្លត់អគ្គីភ័យទៅជួយសង្គ្រោះចំនួន៩៥នាក់ភា្លមៗនៅកន្លែងកើតហេតុ ។ បន្ទាប់មកនៅវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់(ម៉ោងនៅក្នុងតំបន់) ទើបក្រុមអ្នកជួយសង្គ្រោះ បានពន្លត់ភ្លើងរលត់ទាំងស្រុង ប៉ុន្តែជាអកុសលផ្ទះជិត១០០ខ្នងត្រូវបានបំផ្លាញខ្ទេចអស់ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ បើតាមអ្នករស់នៅទីនោះបានបញ្ជាក់ប្រាប់ថា ករណីអគ្គីភ័យដែលបាន កើតឡើងបង្កវិនាសកម្មយ៉ាងរន្ធត់នៅពេលនេះដោយសារស្ត្រីម្នាក់ដែលជាប់និយាយលេងជាមួយ អ្នកជិតខាងភ្លេច បិទចង្ក្រានភ្លើងហ្គាសដាំស្លបានផ្ទុះទើបបង្កជាគ្រោះអគ្គីភ័យនេះកើតឡើងតែម្តង ៕