ហៃទី៖ មនុស្សប្រមាណ ៧២៤ នាក់បានស្លាប់បាត់បង់ជីវិត និងធ្វើឲ្យមនុស្សជាង ២,៨០០នាក់ផ្សេងទៀតរងរបួស ខណៈមនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួននៅក្នុងគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ ក្នុងប្រទេសហៃកាលពីថ្ងៃសៅរិ៍ចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរ ដែលបានចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ។
ក្រុមអ្នកតាមដានគ្រោះរញ្ជួយដី USGS របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា គ្រោះរញ្ជួយដីនេះ បានកើតឡើងនៅតំបន់ភាគនិរតីប្រទេសហៃទី ដោយចំណុចរំញ័ររបស់វា ស្ថិតនៅចម្ងាយ ៨គីឡូម៉ែត្រ ពីក្រុង ប៉េទីតត្រូ ដឺនីពប៉េស (Petit Trou de Nippes) នៅជម្រៅ ១០គីឡូម៉ែត្រ ក្រោមផ្ទៃដីផ្ទាល់តែម្តង ដែលអាចបង្កឲ្យមានការបំផ្លិចបំផ្លាញាកម្រិតធ្ងន់ ។
ចំណែកអាជ្ញាធរប្រទេសហៃទីបានឲ្យដឹងថា ក្នុងចំណោមមនុស្សស្លាប់ខាងលើនេះ ៥០០ នាក់ស្ថិតនៅតំបន់ ស៊ូដ (Sud), ១០០ នាក់នៅតំបន់ ហ្គ្រែន អាន់សេ (Grand’Anse), ១២២ នាក់នៅតំបន់ នីពស៍ (Nippes) និង ២នាក់ទៀតនៅតំបន់ ណដ-វែស (Nord-Ouest) ។
បើទោះបីយ៉ាងណាក្តីអាជ្ញាធរជឿជាក់ថា មនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួន ខណៈដែលប្រតិ បត្តិការស្វែងរកអ្នកបាត់ខ្លួនកំពុងបន្តនៅឡើយ ។ រហូតដល់ពេលនេះអាជ្ញាធរនៅមិនទាន់បញ្ជក់អំពី ចំណែកទំហំនៃការខូចខាតនោះទេ ៕