កាប៊ុល៖ សារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះបានចេញផ្សាយថា បន្ទាប់ពីការ ប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុករវាងក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្គា នីស្ថាន ពេលនេះត្រូវ បានក្រុមតាលីបង់បានប្រកាសថា សង្គ្រាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ បន្ទាប់ពីកងកម្លាំងរបស់ពួកគេ បានចូលទៅគ្រប់គ្រងវិមានប្រធានាធិបតីអាហ្វហ្គានីស្ថានក្រោយប្រធានាធិបតីរូបនេះ ភាសខ្លួនចេញពីប្រទេស ។
លោក ម៉ូហាំម៉ាត់ អាស្រាហ្វ ហ្គានី ប្រធានាធិបតីអាហ្វហ្គានីស្ថាន បានអះអាងថា លោកសុខចិត្តធ្វើបែបនេះ គឺដើម្បីចៀសវាងការបង្ហូរឈាមគ្នា។ យ៉ាងណាក៏ដោយ ជនជាតិអាហ្គានីស្ថានរាប់រយនាក់ បានរង់ចាំយ៉ាងកកុញក្នុង ព្រលានយន្តហោះអន្តរជាតិទីក្រុង កាប៊ុល ដើម្បីរង់ចាំភៀសខ្លួននៅក្នុងថ្ងៃជាមួយគ្នានោះ ។
ចំណែកក្រុមតាលីបង់បានលើកឡើងយ៉ាងដូច្នេះថា ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យសម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន និងកងកម្លាំងប្រយុទ្ធរបស់យើង។ ពួកគេបានមើលយ៉ាងច្បាស់នូវផលដែលទទួលបាន មកពីការខិតខំប្រឹងប្រែង និងបូជារបស់ពួកគេអស់រយៈពេល ២០ឆ្នាំ ។ របបដឹកនាំថ្មីនៅអាហ្វហ្គានីស្ថាន នឹងត្រូវបង្កើតឡើងយ៉ាងច្បាស់លាស់ នាពេលឆាប់ៗខាងមុខ ហើយរដ្ឋាភិបាលតាលីបង់មិនចង់រស់នៅដោយឯកោនោះឡើយ ដោយយើងនឹងអំពាវនាវឲ្យមានទំនាក់ទំនង ជាមួយអន្តរជាតិប្រកបដោយសន្តិភាព។ យើងបានទាមទារយកមកវិញ នូវអ្វីដែលយើងចង់បាន នោះគឺសេរីភាពនៃប្រទេសរបស់យើង និងឯករាជ្យភាពនៃប្រជាជន។ យើងនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ ប្រើប្រាស់ទឹកដីរបស់យើង ដើម្បីគំរាមកំហែងអ្នកផ្សេងទៀតឡើយ ហើយយើងក៏មិនចង់បង្កការគំរាមកំហែង ចំពោះនរណាម្នាក់ឡើយ»។
សូមជម្រាបថា រហូតដល់ពេលនេះគេនៅមិនទាន់ដឹងថាលោកប្រធានាធិបតី អាស្រាហ្វ ហ្គានី ភាសខ្លួនទៅប្រទេសណានោះឡើយ ខណ បុគ្គលិកទូតស្ទើរតែទាំងអស់បានជម្លៀសខ្លួនចេញពីប្រទេសនេះ ដែលពេលនេះស្ថានភាពនៅក្នុងទីក្រុងកាប៊ុលហាក់ស្ងប់ស្ងាត់ ៕