ភ្នំពេញ៖ តារាតិកតុក(tik tok)ដ៏ល្បីម្នាក់ដែលមានសតិមិនមិនសូវគ្រប់បានលង់ទឹកស្រះស្លាប់ ក្នុងវត្តព្រះបារមីវង្កុដ្ឋបុរី បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ នៅក្នុងវត្តព្រះបារមីវង្កដ្ឋបុរី ដែលស្ថិតនៅភូមិបុរីកម្មករ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមស្ត្រីម្នាក់ឈ្មោះកើត សុភណ្ឌ អាយុ៥៣ឆ្នាំ ដែលត្រូវជាម្តាយជនរងគ្រោះបានឲ្យដឹងថា កូនរបស់គាត់ឈ្មោះ អ៊ុង សុភា ហៅវ៉ិត អាយុ១៧ឆ្នាំ ស្នាក់នៅភូមិស្លើងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នឹងមានស្រុកកំណើតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។ នៅថ្ងៃកើតហេតុជនរងគ្រោះខាងលើរូបនេះបានចុះទឹកដោយប្រាប់ថា «ចាប់ត្រី ព្រោះឃើញត្រីច្រើន»។ ខណៈពេលនោះ ក៏ស្រាប់តែជនរងគ្រោះបានលង់ ហើយក៏លិចបាត់នៅក្នុងទឹកស្រះតែម្តង។ ភ្លាមៗនោះ ក៏បានទៅប្រាប់ម្តាយជនរងគ្រោះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោកើតឡើងតែម្តង ។
ស្ត្រីខាងលើដដែលនេះបានឲ្យដឹងបន្តថា កូនប្រុសរបស់គាត់មានសតិមិនគ្រប់តាំងពីកំណើត ។ កន្លងមក កូនប្រុសគាត់តែងតែដើរលេងក្នុងវត្តនេះមិនដែលចុះលេងទឹកនោះទេ ទើបតែថ្ងៃនេះ កូនប្រុសគាត់ចុះលេងទឹកដើម្បីរកចាប់ត្រីស្រាប់តែរអិលជើងលិចបាត់ទៅក្នុងស្រះទឹកដែលមានជម្រៅប្រមាណជាង១០ម៉ែត្រនេះតែម្តង ។
ដោយសារស្ថានភាពគ្រួសាររបស់ជនរងគ្រោះមិនមានលទ្ធភាពក្នុងការជួលគេឲ្យរាវរកសាកសពកូនប្រុស ដូច្នេះក្រុមគ្រួសារបានត្រឹមតែដុតធូបបន់ស្រន់ ដើម្បីសូមឲ្យសពរបស់កូនប្រុសខ្លួនអណ្តែតឡើងលើវិញដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីតែប៉ុណ្ណោះ ៕