ភ្នំពេញ៖ ឧកញ៉ាស្រី ចាន់ថន ខ្លោចចិត្ត និងរំជួលចិត្តខ្លាំង បន្ទាប់ពីបានឃើញទិដ្ឋភាពក្មេងតូចៗ ពីរនាក់បងប្អូនដើរសុំគេគេងនៅនឹងមុខផ្ទះ អាណិតពេកបានប្រកាសយកក្មេងទាំងពីរនេះមកចិញ្ចឹមមើលថែឲ្យបានល្អ ខណៈក្មេងទាំងពីរនេះត្រូវបានគេដឹងថាលោកយាយរបស់ខ្លួនបានស្លាប់ និងម្តាយបានរត់ចោលថែមទៀតផង ។
បើយោងតាមគណនីហ្វេសប៊ុករបស់ឧកញ៉ាស្រី ចាន់ថន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហោះសារថា «អាណិតណាស់ក្មួយអើយមានបងប្អូនណាដឹងក្មួយទាំងពីអ្នកនេះទេ ?? ខ្ញុំយកក្មួយទាំងពីអ្នកមកចិញ្ចឹម មើលថែក្មួយអោយបានល្អ» ។ មិនត្រឹមតែឧកញ៉ាស្រី ចាន់ថននោះទេដែលរំជួលចិត្តអាណិតអាសូរក្មេងទាំងពីរសូម្បីមហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានសម្តែងទឹកចិត្តអាណិតក្មេងទាំងពីរនេះដែរ ។
សូមជម្រាបថា ក្មេងកម្សត់ទាំងពីនេះត្រូវបានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Ra Small បង្ហោះនូវរូបភាពក្មេងទាំងពីរ និងបានរៀបរាប់ថា«យាយស្លាប់ដោយសារជំងឺកូវីដ ម្តាយជិះម៉ូតូទៅចោល ខ្លាចគេដេញមកសុំពួកខ្ញុំ ពូអើយពូសុំដេកនៅហ្នឹងផងខ្លាចគេវ៉ៃ» ។ បើតាមការឱ្យដឹងពីមហាជន ក្មេងស្រីរូបនេះ រស់នៅ ភូមិបុរីកម្មករ ផ្លូវ ២៧១ រាជធានីភ្នំពេញ ៕