ហ្សាកាតា៖ ខណៈដែលស្ថានភាពនៃការីករាល់ដាលនៃជំងឺកូវីដ-១៩ក្នុងប្រទេសឥណ្ឌូនេស៊ីកំពុងផ្ទុះការឆ្លងខ្លាំងនៅឡើយស្រាប់តែនៅថ្ងៃទី២០ ខែកក្កដានេះប្រជាជនម៉ូស្លីមរាប់លាននាក់នៅក្នុងប្រទេសនេះបានប្រារព្ធពិធីបុណ្យ Eid al-Adha ដែលជាពិធីបុណ្យអ៊ីស្លាមដ៏សំខាន់បំផុតមួយ ខណៈដែលប្រធានាធិបតីលោក Joko Widodo បានសន្យាថា នឹងបន្តរឹតបន្តឹងវិធានការប្រឆាំងនឹងកូវីដ១៩ រហូតដល់ករណីឆ្លងបានធ្លាក់ចុះ ។
ពិធីបុណ្យសាសនា Eid al-Adha គឺជាពិធីបុណ្យដ៏សំខាន់បំផុតមួយរបស់សាសនាអ៊ីស្លាម។ នៅក្នុងពិធីបុណ្យនេះសាសនិកអ៊ីស្លាមដែលមានលទ្ធភាព ឬជីវភាពធូធារតែងតែសម្លាប់សត្វគោក្របី ឬពពែដើម្បីយកសាច់ចែកជូនអ្នកក្រ ហូបឆ្ងាញ់មួយពេលសម្រាប់ពិធីបុណ្យដ៏ធំមួយនេះ ។
បើទោះបីយ៉ាងណាក្តីនេះជាការព្រួយបារម្ភមួយរបស់អាជ្ញាធរ ព្រោះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីអត្រាឆ្លងថ្មី និងទិន្នន័យអ្នកស្លាប់ដោយសរជំងឺដ៏កាចសាហាវនេះមានការកើនឡើងខ្ពស់ខ្លាំង ។ បច្ចុប្បន្នប្រទេសនេះស្ថិតក្នុងចំណោមប្រទេសដែលមានករណីឆ្លងច្រើនបំផុតមួយនៅលើពិភពលោក ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស នៃវីរុសបម្លែងខ្លួនថ្មី Delta បើទោះជាមានការដាក់ចេញនូវវិធានការរឹតបន្តឹងចាប់តាំងពីដើមខែនេះក្តី ។
ទន្ទឹមនឹងនេះប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានណែនាំឲ្យប្រជាជនឥណ្ឌូនេស៊ីប្រារព្ធពិធី Eid al-Adha នៅតាមផ្ទះរៀងៗខ្លួន ដោយធ្វើតាមវិធានអនាម័យយ៉ាងតឹងរឹងដើម្បីបង្ការការឆ្លង ខណៈអាជ្ញាធរប៉ូលីសបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យជាច្រើន ដើម្បីរឹតបន្តឹងការធ្វើដំណើរនៅក្នុងប្រទេស ដែលមានប្រជាជនមូស្លីមធំបំផុតនៅលើពិភពលោក ៕