ប៉ៃលិន៖ កម្លាំងនគរបាលអធិការស្រុកសាលាក្រៅ សហការជាមួយកម្លាំងនគរបាលស្នងការខេត្តឆ្មក់ចុះចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ភ្លាមៗ ខណៈដែលពួកគេធ្វើសកម្មភាពប្លន់រួច នាំគ្នាពួនលាក់ខ្លួននៅក្នុងគុម្ពោធព្រៃវាលស្រែមួយកន្លែងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៩ កក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលនគរបាលឆ្មក់បង្ក្រាបចាប់ឃាត់ខ្លួនមានចំនួន៥នាក់ រួមមាន ១-ឈ្មោះ វ៉ៃ អិ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ២-ឈ្មោះ ស្រស់ វណ្ណនេត ភេទប្រុស អាយុ២៣ឆ្នាំ ៣-ឈ្មោះ ទួន ស្រីយ៉ា ភេទស្រី អាយុ២៩ឆ្នាំ ទាំងពីរនាក់ រស់ភូមិទួល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ៤-ឈ្មោះ បុល រ័ត្ន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និង៥-ឈ្មោះ យឿន ឈួន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ជនសង្ស័យទាំងនេះបានធ្វើសកម្មភាពប្លន់កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចដីចំការជាប់មាត់អូរ ស្ថិតក្នុងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពដដែលនេះបានបន្តថា ក្នុងប្រតិបត្តិការចុះឃាត់ខ្លួនជនសង្ស័យកម្លាំងសមត្ថកិច្ច និងក្រុមចោរបានផ្ទុះអាវុធមួយប្រាវ ។ ដោយសភាពការកាន់តែក្តៅ កម្លាំងនៃអធិការដ្ឋានស្រុក មិនអាចគ្រប់គ្រងស្ថានភាពបាន ទើបកម្លាំងជំនាញផែនព្រហ្មទណ្ឌ (ធ្ងន់-ស្រាល) កម្លាំងផែនសន្តិសុខ និងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះទៅជួយអន្តរាគមន៍ បង្ក្រាបបទល្មើសខាងលើតែម្តង ។
ចំពោះវត្ថុតាងដែលដកហូតរួមមាន អាវុធខ្លីកែច្នៃចំនួន១ដើម អាវុធវែងកែច្នៃប្រើខ្យល់ចំនួន១ដើម កាំបិតខ្លីចំនួន១ដើម គ្រាប់កាំភ្លើងAK ចំនួន៧គ្រាប់ ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕