ភ្នំពេញ៖ ចាប់ពីថ្ងៃទី២១-២៧ ខែកក្កដា អាកាសធាតុនៅកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងលាយឡំដោយ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសអ្នកដំណើរតាមសមុទ្រ ។ នេះបើយោងតាមសេចកតីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២0 ដល់ ២៧ ខែកក្កដា ឆ្នាំ២០២១ ។
ក្រសួងបានឲ្យដឹងបន្តថា ចាប់ពីថ្ងៃទី ២១-២២ ខែកក្កដា ទទួលឥទ្ធិពលពីមូសុងនិរតីខ្លាំង, ប្រព័ន្ធសម្ពាធទាបភ្ជាប់ និងព្យុះលើកទី៧ សេម៉ាកា (CEMPAKA) ។ ពីថ្ងៃទី ២៣-២៧ ខែកក្កដា ទទួលឥទ្ធិពលពីមូសុងនិរតីកម្រិតខ្លាំង, ជ្រលងសម្ពាធទាបពីប្រទេសចិន និងប្រព័ន្ធសម្ពាធទាប ។ លក្ខណេះនឹងអាចមានភ្លៀងមធ្យមទៅបង្គរ លាយឡំខ្យល់កន្ត្រាក់បក់ខ្លាំង ។ លើកលែងតែបណ្តាខេត្តនៅភាគខាងក្រោមនឹងអាចមានភ្លៀងធ្លាក់តិចទៅមធ្យម លាយឡំខ្យល់កន្ត្រាក់បក់ខ្លាំង ។
បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានភ្លៀងពីកម្រិតបង្ហូរទៅច្រើន ផ្គរ រន្ទះតិចតួច លាយឡំនឹងខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំងពិសេស នៅតាមតំបន់ជួរភ្នំក្រវាញ់ ជួរភ្នំដងរែក និងបណ្តាខេត្ត ដែលស្ថិតនៅតាមដងទន្លេមេគង្គ ។ ចំពោះតំបន់មាត់សមុទ្រ អាចមានភ្លៀងពីកម្រិតបង្គរទៅច្រើនផ្គររន្ទះបង្គរ លាយឡំនឹងខ្យល់កន្ត្រាក់ក្នុងលឿនខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់។ ទន្ទឹមនោះលទ្ធភាពនៃជំនន់ទឹកភ្លៀង (Flash Flood) ក៏មានភាគរយខ្ពស់ផងដែរ ។
ទន្ទឹមនឹងនេះក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងសាធារណជនបងប្អូនប្រជានេសាទបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិដែលអាចនឹងបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ៕