ភ្នំពេញ៖ នគរបាលខណ្ឌកំបូលបានចាប់ខ្លួនជនសង្ស័យក្លែងភេទជាសង្ឃចំនួន ១៨នាក់ ជាបន្តបន្ទាប់ខណៈពេលដែលពួកគេកំពុងធ្វើសកម្មភាពស្លៀកពាក់គ្រងស្បង់ជីវរ ក្លែងភេទជាព្រះសង្ឃ ដើរបិណ្ឌបាត្ររៃអង្គាសប្រាក់ពីប្រជាពលរដ្ឋ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសព្រះពុទ្ធសាសនា កាលពីវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
បើតាមលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលបានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យទាំងនេះបន្ទាប់ពីកម្លាំងនគរបាលបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថា មានមនុស្សមួយក្រុមបានមកជួលផ្ទះស្នាក់នៅក្នុងបុរីពិភពថ្មីមួយកន្លែងក្នុងខណ្ឌកំបូល ហើយនៅពេលព្រឹកបានស្លៀកពាក់គ្រងស្បង់ជីវរ ក្លែងភេទជាព្រះសង្ឃដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌកំបូលជាយូរមកហើយ។ ក្រោយពីទទួលព័ត៌មាននោះភ្លាម លោកអធិការនគរបាលខណ្ឌកំបូលបានចាត់កម្លាំងចុះតាមដានស្រាវជ្រាវអំពីសកម្មភាពមុខសញ្ញាជនសង្ស័យ ។ លុះពេលធ្វើសកម្មភាពទើបកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការឃាត់ ខ្លួន និងបានសួរនាំដើម្បីកសាងសំណុំរឿងដោយក្នុងចំណោអ្នកទាំងនោះបានធ្វើតេស្តរកឃើញប្រើ ប្រាស់គ្រឿងញៀនទៀតផង ។
បើតាមចម្លើយសារភាពពីជនសង្ស័យបានប្រាប់សមត្ថកិច្ចថា ពួកគេធ្វើសកម្មភាពក្លែងភេទជាព្រះសង្ឃដើរបិណ្ឌបាត្រជាយូរមកហើយ ក្រោមការចាត់ចែងរបស់មេខ្យល់មានឈ្មោះ ម៉េង ភេទ ប្រុស អាយុប្រហែល ២៥ឆ្នាំ ដោយក្នុង១ថ្ងៃពួកគេរៃអង្គាសប្រាក់បានពី៨ម៉ឺនទៅ១០ម៉ឺនរៀលក្នុង១នាក់ ក្នុងនោះមេខ្យល់ឈ្មោះ ម៉េង តម្រូវបង់ឱ្យគេក្នុង១នាក់ពី ៣ម៉ឺន ទៅ ៣ម៉ឺ៥ពាន់រៀលក្នុង១ថ្ងៃ។ ប្រាក់ដែលនៅសល់ប៉ុន្មានទៀត ពួកខ្លួនយកទៅចាត់ចែងចាយវាយដោយខ្លួនឯង។ បច្ចុប្បន្នជនសង្ស័យទាំង ១៨នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌកំបូលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕