ភ្នំពេញ៖ បុរសម្នាក់ដើរយំម្នាក់ឯងសុខៗស្រាប់តែរត់ចូលឡានប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង ធ្វើឲ្យគេនាំគ្នាផ្អើលឆោឡោទាំងក្បាលព្រលប់កាលពីវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្លូវ៦០៨ កែងផ្លូវ៣៣៧ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលមកដេកយំកណ្តាលផ្លូវខាងលើនោះមានឈ្មោះ នី វណ្ណា អាយុ៣០ឆ្នាំ ហើយបុរសរូបនេះប្រាប់ថា គាត់ស្នាក់នៅម្តុំផ្សារដីហុយ ខណ្ឌសែនសុខ ។ នៅមុនកើតហេតុ គេឃើញបុរសខាងលើដើរយំតែម្នាក់ឯង តាមបណ្ដោយផ្លូវ៦០៨ ចុះពីស្តុបត្រឡោកបែក លុះមកដល់កែងផ្លូវ៣៣៧ ក៏ស្រាប់តែបុរសរូបនេះរត់ចូលរថយន្តគេប៉ុនប៉ងសម្លាប់ខ្លួនតែម្តង ប៉ុន្តែមិនបានសម្រេចឡើយ ព្រោះថា ម្ចាស់រថយន្តជាន់ហ្វ្រាំងទាន់ ។
ភ្លាមៗនោះបន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានលើកបុរសរូបនោះទៅអែបចិញ្ចើមផ្លូវ ហើយព្យាយាមសួរនាំរកហេតុផលប៉ុន្តែបុរសរូបនេះនៅតែមិននិយាយស្ដីអ្វីទាំងអស់នៅតែបន្តយំរហូត ។ លុះមួយសន្ទុះធំក្រោយមកសមត្ថកិច្ចបានធ្វើការលួងលោម និងសួរនាំម្តងទៀត ទើបបុរសរូបនោះបានប្រាប់ឈ្មោះ និងប្រាប់ពីមូលហេតុថា «គាត់ស្នាក់នៅម្តុំផ្សារដីហុយ ខណ្ឌសែនសុខ មូលហេតុដែលគាត់ចង់ស្លាប់ គឺដោយសារតែគេមើលងាយរូបគាត់» ៕