បាត់ដំបង ៖ សមត្ថកិច្ចចុះឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ បន្ទាប់ពីបានទាញកាំភ្លើងខ្លីបាញ់គំរាមប្រពន្ធចំនួន០២គ្រាប់ កាលពីវេលាម៉ោង៧យប់ថ្ងៃទី០៦ កក្កដា នៅចំណុចភូមិរូង២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ដោយសារតែខឹងប្រពន្ធដែលចេះតែសួរដេញដោលរឿងលួចមានស្រីថ្មី ។
បើតាមរបាយបាការណ៍អធិការនគរបាលស្រុករុក្ខគិរីបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ាន វិទ្ធី អាយុ៤៩ឆ្នាំ រីឯប្រពន្ធឈ្មោះ ឆោម អេម អាយុ៥៣ឆ្នាំ មានមុខរបរកសិករ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។ បុរសនេះបានដកអាវុធខ្លីម៉ាក K59 ដែលគ្មានច្បាប់អនុញ្ញាតបង្ហាញនិងគំរាមកំហែងប្រពន្ធ ហើយក្រោយមកក៏បានបាញ់ដីខាងមុខផ្ទះចំនួន០២គ្រាប់ ជាការគំរាមបន្ថែមទៀត ដែលធ្វើឲ្យអ្នកភូមិភ្ញាក់ផ្អើលពេញភូមិ ហើយការផ្ទុះអាវុធនេះ ទំនងប្ដីប្រពន្ធនេះមិនចុះសម្រុងក្នុងគ្រួសារ ដោយសារលោកប្ដី លួចមានស្នេហាជាមួយស្រីក្មេងខាងក្រៅ។
ចំណែកលោក រើន សុខរ៉ាវ នាយប៉ុស្តិ៍រដ្ឋបាលព្រៃត្រឡាចបានឲ្យដឹងថា បើតាមចម្លើយបឋម ជនសង្ស័យឈ្មោះ ហ៊ាន រិទ្ធី បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់កាំភ្លើងខ្លី បាញ់ដីគំរាមប្រពន្ធមែន។ ជននេះ បានសារភាពទៀតថា កាំភ្លើងនោះខ្លួនទើបទិញជាងកន្លះខែមុន នៅពេលខ្លួនទៅលេងស្រុកកំណើត នៅខេត្តកណ្ដាល។ ហើយខ្លួនទិញកាំភ្លើងយកមកលាក់ទុកនេះ គ្រាន់តែទុកសម្រាប់ដកបន្លាចប្រពន្ធ ដែលតែងរករឿងខ្លួនមិនឈប់ឈរ រឿងខ្លួនលួចមានស្រីខាងក្រៅ ។
តាមការបំភ្លឺពីស្ត្រីជាប្រពន្ធវិញ បានឲ្យដឹងថា គាត់បានដឹងថាប្ដីបានលួចស្និទ្ធិស្នាលយ៉ាងស៊ីជម្រៅជាមួយស្រីខាងក្រៅផ្ទះ ។ គាត់បានតាមដាននិងបានសួរនាំរឿងនេះតែប្ដីរបស់គាត់តែងគំរាមកំហែងគាត់យ៉ាងធ្ងន់ធ្ងរត្រឡប់មកវិញ រហូតឈានទៅលួចទិញកាំភ្លើងយកមកលាក់ទុកក្នុងផ្ទះ ដើម្បីទុកបាញ់គំរាមគាត់ទៀតផង ។
របាយការណ៍អធិការស្រុករុក្ខគិរីបានឲ្យដឹងថា ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន កាំភ្លើងខ្លីម៉ាក K59 មួយដើម បង់០២ និង គ្រាប់ចំនួន០៣គ្រាប់។ ក្រោយឃាត់ខ្លួនយកទៅសួរនាំ ពេលនេះមន្ត្រីជំនាញ បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យប្រើប្រាសកាំភ្លើងគ្មានច្បាប់ និង បាញ់គំរាមអាយុជីវិតប្រពន្ធខាងលើនេះ ទៅកាន់ស្នងការដ្ឋានខេត្តហើយ ដើម្បីចាត់ការតាមនីតិវិធី៕