តូក្យូ៖ រហូតមកដល់ថ្ងៃពុធនេះក្រុមសង្រ្គោះនៅប្រទេសជប៉ុនកំពុងបន្តតាមស្វែងរកមនុស្ស២៧នាក់ ដែលនៅបាត់ខ្លួននៅឡើយខណៈមនុស្ស៧នាក់បានស្លាប់ ក្រោយការធ្លាក់ភ្លៀងខ្លាំងបានបង្កឲ្យមានគ្រោះរអិលបាក់ដី នៅភាគកណ្តាលប្រទេសកាលពី៤ថ្ងៃមុន ។ នេះបើយោងតាមសារព័ត៌មានReuters នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ។
ចាប់តាំងពីមានគ្រោះរអិលបាក់ដីដ៏អាក្រក់នេះមានរយៈពេលប៉ុន្មានថ្ងៃកន្លងមកហើយក្តីប៉ុន្តែប៉ូលិស កងទ័ព និងភ្នាក់ងារពន្លត់អគ្គីភ័យសរុបប្រហែល ១,១០០នាក់កំពុងប្រឹងប្រែងស្វែងរកអ្នកដែលនៅបន្តបាត់ខ្លួនយ៉ាងសកម្មដដែល ខណៈការព្យាករបានបង្ហាញថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលអាចបង្កការ លំបាក់ដល់ប្រតិបត្តិការជួយសង្រ្គោះ ។
សូមជម្រាបថា គ្រោះរអិលបាក់ដីសង្កត់មនុស្សស្រស់ៗដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ នៅឯទីក្រុង Atami ដែលស្ថិតនៅចម្ងាយ៩០គីឡូម៉ែត្រ ពីនិរតីទីក្រុងតូក្យូ ។ គ្រោះមហន្តរាយនេះក្រៅពីបណ្តាលឲ្យមនុស្សស្លាប់និងបាត់ខ្លួនក៏បានបណ្តាលឲ្យអគារចំនួន១៣០ខ្នងរួមមានទាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរងការខូចខាតជាច្រើន ៕