ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ កំពុងស្រាវជ្រាវលើករណីការសាងសង់ប្រាសាទ ដូចអង្គរវត្តនៅលើទឹកដីថៃ ។ នេះបើយោងតាមប្រសាសន៍របស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានលើកឡើងនៅថ្ងៃទី០ ៥ ខែកក្កដា ឆ្នាំ២០២១ ។ករណីនេះកំពុងតែរំជើបរំជួលដល់អ្នកលេងបណ្តាញសង្គមហ្វេសបុកបានចែករំលែកជាបន្តបន្តាប់ពី បន្ទាប់ពីបានឃើញនូវការសាងសង់ប្រាសាទថ្មក្នុងខេត្តបុរីរ៉ាំ ប្រទេសថៃ ដែលមានស្ថានរូបរាងដូចនឹងប្រាសាទអង្គរវត្តរបស់កម្ពុជាដែលត្រូវបានដាកបញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជម្រាបឲ្យដឹងថា ដំបូងនេះយើងបានដឹងថាភាគីថៃបានកសាងប្រាសាទដែលមានកំពូលបីដូចនឹងប្រាសាទអង្គរវត្តរបស់កម្ពុជា ហេតុដូចនេះយើងកំពុងស្វែងរកអ្នកបច្ចេកទេសសិក្សាលើប្លង់មេនេះដើម្បីទទួលបានព័ត៌មានជាក់លាក់ជាមុនសិន ។
លោក ឡុង ប៉ុណ្ណាសិរីវត្ថ បានបញ្ជាក់ថា «ប្រសិនបើយើងបានសិក្សាច្បាស់លាស់ហើយនោះ ក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់ និងបទដ្ឋានគតិយុទ្ធនានាដែលបានចែងក្នុងពេលដែលមានការសាងសង់យកលំនាំតាមប្រាសាទបុរាណខ្មែរដោយគ្មានការអនុញ្ញាតបែបនេះ»៕