កោះកុង៖ មានករណីដ៏រន្ធត់មួយបានកើតឡើងដោយបុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាមលើផ្លូវយ៉ាងរន្ធត់ ខណៈម្នាក់ទៀត រងរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយត្រូវបានជនសង្ស័យមានគ្នាប្រមាណ៥-១០នាក់ ប្រដាប់ដោយអាវុធកាប់ស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខសាលាសាមគ្គីឯកជន ជិតសាលាសង្កាត់ដងទង់ ស្ថិតនៅភូមិ ០១ សង្កាត់ដងទង់ នៃខេត្តកោះកុង ។
បើតាមស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា ក្រុមជនសង្ស័យទាំងនោះបានប្រើប្រាស់អាវុធកាប់ទៅលើជនរងគ្រោះចំនួន ០២នាក់ ទី០១ឈ្មោះ លីម៉ា ភេទ ប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា មុខរបរកម្មករ រងរបួសចំកណ្ដាលក្បាល២កន្លែង និងលើខ្លួន ០៤ កន្លែង (ស្លាប់នៅកន្លែងកើតហេតុ) និងជនរងគ្រោះទី០២ ឈ្មោះ ប៉ាក់ រ៉ាវុធ ភេទប្រុស អាយុ ១៩ ឆ្នាំ ទីនៅភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា មុខរបរកម្មករ ត្រូវរបួស០៣ កន្លែងធ្ងន់ កំពុងព្យាបាលនៅពេទ្យបង្អែកខេត្ត ។
បើទោះបីយ៉ាងណាក្តីខណៈសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវ សើបអង្កេតចំពោះករណីខាងលើនេះ ដើម្បីចាប់យកជនល្មើសដែលរត់គេច មកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕