តាកែវ៖ មានករណីដ៏រន្ធត់មួយបានកើតឡើងដែលយុវជនម្នាក់បានស្លាក់ក្នុងថ្លុកឈាមដោយដាច់ប្រអប់ដៃម្ខាងចេញពីគ្នា រួមទាំងរបួសក្បាលនិងដងខ្លួនត្រូវបានជនដៃដល់ត្រូវបានគេស្គាល់ថាជាបង្កើតនឹងគ្នា២នាក់ ចូលមកកាប់សម្លាប់ដល់ក្រោមផ្ទះរបស់ជនរងគ្រោះតែម្តង បន្ទាប់មកបានប្រញាប់រត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ១០ និង៤០នាទី យប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។
បើតាមអធិការនគរបាលស្រុកបាទី បានឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវគេកាប់សម្លាប់ដល់ក្រោមផ្ទះនេះ មានឈ្មោះ មាំ ខេមរៈ ភេទប្រុស អាយុ២៧ឆ្នាំ ជាពោះម៉ាយ ត្រូវបានជនដៃដល់២នាក់បងប្អូនបង្កើត រស់នៅជាប់របងជាមួយគ្នាប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃ បានផ្លោះរបង ចូលមកកាប់ជនរងគ្រោះដល់ខាងក្រោមផ្ទះខណៈកំពុងតែអង្គុយនៅលើគ្រែខាងក្រោមផ្ទះ ដោយឃាតករកាប់ចំជាច្រើនកន្លែង និងដាច់កដៃមួយចំហៀង ខ្ទាតចេញពីគ្នា កំបុតឆ្កុយ កញ្ចឹងក កាប់ដាច់មួយចំហៀង ក្បាលក៏កាប់ត្រូវ ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ បន្ទាប់ជនដៃដល់ទាំងនោះ បានរត់គេចខ្លួនបាត់ ដោយមានបក្ខពួកម្នាក់ផ្សេងទៀតជាអ្នកជិះម៉ូតូបិទគូទពីក្រោយ ។
អធិការនគរបាលស្រុកបាទីបានបញ្ជាក់ថា មូលហេតុ ដែលឈានដល់ការកាប់សម្លាប់គ្នាបែបនេះ គឺផ្តើមចេញពីទំនាស់ពាក្យសម្ដីគ្នា ពេលលេងបាល់ទះ ជាមួយជនដៃដល់ទាំងនោះតាំងពីរសៀល លុះយប់ឡើងក៏ផ្លោះរបងចូលកាប់តែម្តង ។ ភ្លាមៗ ក្រុមគ្រួសារជនរងគ្រោះ បានប្រញាប់រាយការណ៍ជូនកម្លាំងសមត្ថកិច្ច និងកម្លាំងជំនាញការដ្ឋាននគរបាលស្រុកបាទី ចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបានធ្វើការពិនិត្យកោសល្យវិច័យចំពោះសពខាងលើ ។ បើទោះបីយ៉ាងណាក្តីករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តាមចាប់ជនដៃដល់ និងបក្សពួកយកមកផ្តន្ទាទោសចាប់ផ្លូវច្បាប់ ៕