កំពង់ស្ពឺ ៖ លោកស្រីទ្រីដាណា និងស្វាមី បានចំណាយថវិការបស់ខ្លួនទិញរថយន្តសឺរ៉ែនមួយគ្រឿង ប្រគល់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីជាការ លើកទឹកចិត្តដល់កម្លាំងនគរបាលដែលខំប្រឹងការពារសន្តិសុខសណ្តាប់ធ្នាប់ និងបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ។
លោកស្រីទ្រីដាណាបានបង្ហោះសារក្នុងគណនីហ្វេសប៊ុកថា «នាងខ្ញុំ និងស្វាមី បានប្រគល់រថយន្តសឺរ៉ែនមួយគ្រឿង ជូនដល់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមក្នុងខេត្ត នេះជាការលើកទឹកចិត្ត ដល់បងៗកងកម្លាំង ដែលខិតខំបំពេញភារកិច្ចនាពេលកន្លងមក ហើយក៏សូមជូនពរដល់កងកម្លាំងទាំងអស់ ជោគជ័យគ្រប់ភារកិច្ចការងារ ក្នុងគោលដៅការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយសារកូវីដ១៩ មិនអាចទៅផ្ទាល់ទេ កាត់បន្ថយចំនួនមនុស្ស បានត្រឹមឱ្យតំណាងទៅប្រគល់ជំនួស។ អនុវត្តវិធានការ ៣ការពារ ៣កុំទាំងអស់គ្នា ដើម្បីលុបបំបាត់កូវីដ១៩» ។
សូមជម្រាបថា លោកស្រីទ្រីដាណា និងស្វាមី ត្រូវបានមហាជនជាទូទៅស្គាល់ច្បាស់ថា ជាអ្នកមានចិត្ត សប្បុរសធម៌មួយរូបដែលតែងតែចំណាយថវិកាផ្ទាល់ខ្លួនជួយចូលរួមដល់សង្គមជាតិ ។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរក៏តែងចេញមុខជួយដល់ជនចាស់ជរា ជនពិការ អ្នកក្រលំបាកមួយចំនួនទៀតផងដែរ ដែល មានជីវភាពខ្វះខាតខ្លាំង ៕