ភ្នំពេញ៖ ស្ថានភាពធាតុអាកាសនៅកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី២ ដល់ ៨ ខែមិថុនា ឆ្នាំ២០២១ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ។
ក្រសួងធនធនទឹកបានឲ្យដឹងថា ក្នុងមួយសប្តាហ៍ខាងមុខនេះ កម្ពុជាទទួលនូវឥទ្ធិពលនៃខ្យល់មូសុងនិរតី ដោយក្នុងនោះពីថ្ងៃទី២-៤ ខែមិថុនា ខ្យល់មូសុងនិរតីមានកម្លាំងខ្សោយ ។ ពីថ្ងៃទី៥-៨ ខែមិថុនា ខ្យល់មូសុងនិរតីមានកម្លាំងពីបង្គួរទៅខ្លាំង ។ នៅយប់ថ្ងៃទី៣១ ខែឧសភា ស្ថិតនៅខាងកើតហ្វិលីពីនមានការកកើតនូវព្យុះទី៣ឈ្មោះឆយវ៉ាន់ ( Choi-wan ) ដែលកំពុងធ្វើដំណើរស្របប្រទេសហ្វីលីពីន ឆ្ពោះទៅភាគឦសានដោយមិនមានឥទ្ធិពលមកលើកម្ពុជាយើងទេ ។
ក្រសួងបានឲ្យដឹងបន្តថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C នៅថ្ងៃទី២-៥ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់មិនសូវរាយប៉ាយក្នុងកម្រិតខ្សោយ នៅថ្ងៃ៦-៨ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យមទៅបង្គួរ ។ ចំពោះបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C នៅថ្ងៃទី២-៤ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់មិនសូវរាយប៉ាយក្នុងកម្រិតខ្សោយ នៅថ្ងៃទី៥-៨ ខែមិថុនា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតមធ្យមទៅបង្គួរ ។ ចំណែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C នៅថ្ងៃទី២-៥ ខែមិថុនា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ នៅថ្ងៃទី៦-៨ ខែមិថុនា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន និងនៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់បក់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ ។
ទន្ទឹមនឹងនេះក្រសួងអំពាវនាវដល់ប្រជានេសាទ និងអ្នកដំណើរសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ ៕