ភ្នំពេញ ៖ រថយន្តដឹកប្រេងឥន្ទនះធុនធំមួយគ្រឿង បានបើករេចង្កូតធ្លាក់ចូលទៅក្នុងប្រលាយទឹកស្អុយ តែសំណាងល្អមិនមានជាការបង្កគ្រោះថ្នាក់ដល់អ្នកដំណើរដទៃ ដែលបានកើតឡើងកាលពីវេលាម៉ោង ២៣យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាតលិចអគ្គបញ្ជាការកងទ័ពជើងគោក ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ។
ប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ រថយន្តដឹកប្រេងឥន្ទនះខាងលើ ពណ៌លាយទង់ទែង ពាក់ស្លាកលេខ ភ្នំពេញ 4A-4368 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ។ លុះបើកដល់ចំណុចកើតហេតុខខាងលើ រថយន្តស្រាប់តែរេចង្កូតធ្លាក់ចូលទៅក្នុងប្រលាយតែម្តងទៅ ដោយមិនបានបង្កអោយមានគ្រោះថ្នាក់ដល់អ្នកដំណើរដទៃណាម្នាក់ឡើយ ។
បើទោះបីយ៉ាងណាក្តីក្នុងករណីគ្រោះថ្នាក់ដោយខ្លួនឯងខាងលើនេះគេនៅពុំទាន់ដឹងថា កកើតឡើងដោយសារតែរថយន្តខាងលើជួបនឹងឧបសគ្គអ្វី ឬការជាការធ្វេសប្រហែសរបស់តៃកុងរថយន្តដោយកត្តាណាមួយនោះឡើយ ព្រោះក្រោយកើតហេតុហើយនោះ បុរសជាអ្នកបើកបរបានរត់គេចចេពីកន្លែងកើតហេតុបាត់ស្រមោលសូន្យ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ប៉ុន្តែមិនបានធ្វើការវាស់វែងតាមជំនាញឡើយ ព្រោះជាករណីបើកធ្លាក់ប្រលាយដោយខ្លួនឯង មិនបានបណ្តាលអោយខូចខាតដល់ទ្រព្បសម្បត្តិសាធារណះ ឬប៉ះពាល់បង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ ដូច្នោះហើយសម្រេចទុករថយន្តនៅក្នុងប្រលាយនោះចោលជាបណ្តោះសិន រងចាំម្ចាស់មកទទួលយកវិញដោយខ្លួនឯងនៅពេលក្រោយចុះ ៕